(ព្រុយណេ)៖ នៅក្នុងជំនួបជាមួយលោក San Lwin អគ្គលេខាធិការរងអាស៊ាន ក្នុងក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីព័ត៌មានអាស៊ាន នៅប្រទេសព្រុយណេ, លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់កម្ពុជានៅក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងពង្រឹងសន្តិសុខព័ត៌មាន សុវត្ថិភាពព័ត៌មានដើម្បីការពារអ្នកប្រើប្រាស់ តាមរយៈការបញ្ជ្រាបនូវអក្ខរកម្មវិស័យព័ត៌មាន។

បន្ថែមលើនេះ លោករដ្ឋមន្រ្តីក៏បានជម្រាបជូនអគ្គលេខាធិការរងអាស៊ាន ពីការត្រៀមខ្លួនរៀបចំកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នៅខែកក្កដា ឆ្នាំ២០២៥ និងប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៨ នៅឆ្នាំ២០២៧ ខាងមុខ និងបានស្វែងរកការគាំទ្រពីសំណាក់អគ្គលេខាធិការដ្ឋានអាស៊ាន។

ជាការឆ្លើយតប លោក San Lwin បានសម្តែងការគាំទ្រចំពោះការដឹកនាំរបស់ប្រទេសកម្ពុជា និងការខិតខំប្រឹងប្រែងក្នុងការពង្រឹងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ដោយបានបញ្ជាក់ថា អគ្គលេខាធិការដ្ឋានអាស៊ានសន្យា នឹងផ្តល់នូវការគាំទ្រកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំសំខាន់ៗទាំងពីរ។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា ក៏បានអញ្ជើញលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី(Asia Media Summit) លើកទី២០ ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ នៅខេត្តសៀមរាប នាខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះផងដែរ៕