(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ បានផ្ញើព្រះរាជសារលិខិតអបអរសាទរ និងប្រសិទ្ធពរ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសម្ដេចទទួលគ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយស កម្រិតខ្ពស់បំផុតរបស់រដ្ឋាភិបាលទីម័រឡេស្តេ។
ព្រះរាជសារលិខិតរបស់សម្តេចព្រះមហាក្សត្រី មានខ្លឹមសារទាំងស្រុងដូច្នេះថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានទទួលដំណឹងដ៏ល្អប្រសើរ ស្តីពីសម្តេចអគ្គមហាសេនាបតីតេជោ បានទទួលគ្រឿងឥស្សរិយយសកម្រិតខ្ពស់បំផុត Grand Collar of the Order of Timor-Leste ពីឯកឧត្តមបណ្ឌិត JOSÉ RAMOS-HORTA S-HORTA ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ។
ខ្ញុំសូមអបអរសាទរ ចំពោះដំណឹងដ៏ល្អប្រពៃខាងលើនេះ និងសូមកោតសរសើរដ៏កក់ក្តៅ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ដែលមានគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម និង ជាអគ្គមគ្គុទ្ទេសក៍ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ ប៉ិនប្រសប់ និងដោះស្រាយចៀសផុតឧបសគ្គដ៏លំបាកទាំងអស់ ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាព សង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ ។
ខ្ញុំសូមប្រសិទ្ធពរជ័យ ជូនសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ ជូនជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕