(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំ «សិក្ខាសាលាត្រៀមលក្ខណៈសម្រាប់ការរៀបចំថវិកា ឆ្នាំ ២០២៦ ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»

សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកា កម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា (ក.ថ.អ.) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ដោយមានការអញ្ជើញចូលរួមពីលរដ្ឋលេខាធិការ និងជាអនុប្រធាន ក.ថ.អ., ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួង និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេស, ព្រមទាំងឯកឧត្តម លោកជំទាវលោក លោកស្រី តំណាងក្រុមការងារថវិកានៃគ្រប់អង្គភាពថវិការបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសរុបប្រមាណ ៣០០នាក់ ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោមការសម្របសម្រួល របស់អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុរបស់ក្រសួង ក្នុងគោលបំណងបង្កើនសមត្ថភាព និងការយល់ដឹង ព្រមទាំងផ្តល់ជាជំនួយបច្ចេកទេសបន្ថែម ដល់គ្រប់អង្គភាពថវិកា ដើម្បីត្រៀមលក្ខណៈឱ្យបានរួចរាល់ សម្រាប់ដំណើរការរៀបចំថវិកាឆ្នាំ ២០២៦ ឱ្យកាន់តែមានគុណភាព និងទាន់ពេល។

ថ្លែងក្នុងសិក្ខាសាលានេះ, បណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានជម្រាបជូនអង្គពិធីថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំការដ្ឋានកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល និងបានបំពេញមុខងារជានិម្មាបនករ លើការដាក់ឱ្យអនុវត្តថវិកាកម្មវិធី ដល់ក្រសួង-ស្ថាប័ន។

ជាមួយគ្នានេះ, ក្រសួងផ្ទាល់ បានស្ថិតក្នុងចំណោមក្រសួង-ស្ថាប័នទាំង៧ ដែលបានចាប់ផ្តើមអនុវត្តសាកល្បង នូវ «ថវិកាព័ត៌មានសមិទ្ធកម្ម» និងការកសាងគណនេយ្យភាពសមិទ្ធកម្មដំបូង ចាប់តាំងពីឆ្នាំ ២០២៣ ។

លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា ដើម្បីឱ្យការអនុវត្តថវិកាមានភាពរលូន និងអាចគាំទ្រដល់ការងារអាទិភាពរបស់អង្គភាព ជាពិសេសផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័ន, ចាំបាច់ត្រូវគិតគូរឱ្យបានម៉ត់ចត់ជាមុន ពោលគឺ ចាប់តាំងពីដំណាក់កាលរៀបចំថវិកា ដោយហេតុថា ប្រព័ន្ធគ្រប់គ្រងថវិកាផ្អែកលើលទ្ធផល ឬសមិទ្ធកម្ម ទាមទារឱ្យមានការរៀបចំថវិកា ដែលផ្តោតជាចាំបាច់លើ ក្របខណ្ឌគោលនយោបាយម៉ាក្រូ-សេដ្ឋកិច្ច និង គោលនយោបាយហិរញ្ញវត្ថុសាធារណៈ ជាពិសេស ពិតានចំណាយគោល សម្រាប់ក្រសួង-ស្ថាប័ននីមួយៗ ដើម្បីរៀបចំផែនការយុទ្ធសាស្រ្តរបស់ខ្លួន ឱ្យបានល្អ ហើយត្រូវផ្សារភ្ជាប់នឹងការអនុវត្ត ដើម្បីសម្រេចបាននូវលទ្ធផលក្នុងឆ្នាំ និងលទ្ធផលចុងក្រោយ។

លោកបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ សង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានាថ្ងៃនេះ នឹងក្លាយជាវេទិកាសំខាន់មួយទៀត ក្នុងការផ្តល់មគ្គទេសក៍បច្ចេកទេសគន្លឹះៗ ដើម្បីពង្រឹង និង បង្កើនសមត្ថភាព ជូនសិក្ខាកាមដែលជាថ្នាក់ដឹកនាំ និង មន្ត្រីបច្ចេកទេស នៃក្រុមការងារថវិការបស់អង្គភាពថវិកា លើការរៀបចំថវិការបស់ក្រសួង ឱ្យកាន់តែមានប្រសិទ្ធភាព មានសង្គតិភាព និង មានគណនេយ្យភាព ដើម្បីសម្រេចឱ្យបាននូវគោលបំណងសំខាន់ៗ នៃកម្មវិធីដែលក្រសួងបានដាក់ចេញ។

លោកបណ្ឌិតសភាចារ្យ បានផ្ដល់អនុសាសន៍ណែនាំ ដល់អ្នកចូលរួមក្នុងអង្គសិក្ខាសាលា ឱ្យផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើគ្រប់ប្រធានបទដែលបានផ្តល់បទបង្ហាញដោយមន្ត្រីជំនាញ ព្រមទាំងចូលរួមកិច្ចពិភាក្សា ឱ្យបានផុលផុស ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមា ពីសិក្ខាសាលាដ៏មានសារៈសំខាន់នេះ៕