(ព្រុយណេ)៖ ក្នុងនាមជាប្រធាន និងអនុប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីព័ត៌មានអាស៊ាន លើកទី១៧ នៅប្រទេសព្រុយណេ ដារូស្សាឡា, ឧត្តមសេនីយ៍ Pehin Datu Lailaraja Major General (R) Dato Paduka Seri Awang Haji Halbi Bin Haji Mohd Yussof រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិទី២ នៃប្រទេសព្រុយណេ និងលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា បានជួបពិភាក្សាការងារ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យព័ត៌មានរវាងប្រទេសទាំងពីរ និងសហការរួមគ្នាដើម្បីលើកកម្ពស់តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ និងជំរុញឱ្យមាននូវគំនិតផ្តួចផ្តើមថ្មីៗ ឱ្យស្របតាមបរិបទនៃការវិវត្តបច្ចេកវិទ្យាទំនើប និងដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃបញ្ញាសិប្បនិម្មិត។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរគុណ ចំពោះការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដល់គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា និងបានកោតសរសើរលើការរៀបចំកិច្ចប្រជុំAMRI លើកទី១៧ ប្រកបដោយរលូន និងជោគជ័យយ៉ាងត្រជះត្រចង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។
លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា ក៏បានបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងនាមជាអនុប្រធានក្នុងការសម្របសម្រួល និងគាំទ្រនូវរាល់គំនិតផ្តួចផ្តើមនានាដែលដាច់ចេញដោយប្រទេសព្រុយណេ ក្នុងនាមជាប្រធានប្តូរវេននៃកិច្ចប្រជុំរដ្ឋមន្រ្តីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៧៕