(ភ្នំពេញ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្ត្រីតំណាង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ចដែលមានការចូលរួមពីតួអង្គពាក់ព័ន្ធ សរុបចំនួន៧៧១នាក់។
អង្គសន្និបាត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលក្រសួងអធិការកិច្ចបានអនុវត្តន៍ កាលពីឆ្នាំ២០២៤ និងផែនការការងារសម្រាប់បន្តអនុវត្តឆ្នាំ២០២៥ ពិសេសអង្គសន្និបាតបានគាំទ្រនូវយុទ្ធសាស្ត្រ (ព៤ជ៤) ដែលជាកូនសោរគន្លឹះនៃវិធានការដឹកនាំ គ្រប់គ្រងវិស័យអធិការកិច្ចនៅកម្ពុជា សំដៅរួមចំណែកអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានការកែទម្រង់ និងអភិបាលកិច្ចល្អជាស្នូលនៃយុទ្ធសាស្ត្រ។
យុទ្ធសាស្ត្រ (ព៤ជ៤) គឺបានដាក់ចេញដោយលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច សម្រាប់អនុវត្តឆ្នាំ២០២៥-២០២៨ ក្នុងនោះ៖
*ព៤-សំដៅលើការពង្រឹងការងារស្នូលចំនួន៤ រួមមាន (ព១)ការពង្រឹងការងារអធិការកិច្ច (ព២)ពង្រឹងយន្តការដោះស្រាយបណ្តឹង (ព៣)ពង្រឹងការងារតាមដានការអនុវត្តច្បាប់ (ព៤)ពង្រឹងការងារផ្សព្វ ផ្សាយច្បាប់ និងវេទិកាសាធារណៈ
*រីឯ-ជ៤ ៖ សំដៅលើការជំរុញការងារគាំទ្រចំនួន៤ គឺ (ជ១) ជំរុញការរបចំលិខិតបទដ្ឋានគតិយុត្ត (ជ២)ជំរុញ និងបង្កើនសមត្ថភាពស្ថាប័ន (ជ៣)ជំរុញកិច្ចសហប្រតបត្តិការ និងភាពជាដៃគូ និង (ជ៤) ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ជាមួយគ្នានេះ អង្គសន្និបាត ក៏បានស្តាប់នូវបទបង្ហាញរបស់ក្រុមការងារ ចំពោះកិច្ចចំនួន៨រូប ដែលបានឆ្លុះបញ្ចាំងអំពីយុទ្ធសាស្ត្រព៤ជ៤ និង បទអន្តរាគមន៍របស់អគ្គាធិការដ្ឋានក្រសួង-ស្ថាប័ន និងមន្ទីរអធិការកិច្ច តាមបណ្តាខេត្តមួយចំនួន ស្តីពីដំណើរការប្រព្រិត្តទៅ នៃការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងាររួមនឹងចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងដំណោះស្រាយនានាពាក់ព័ន្ធវិស័យអធិការកិច្ច ការងារទទួលពាក្យបណ្តឹង ដោះស្រាយបណ្តឹង ការងារតាមដានការអនុវត្តច្បាប់ ការពង្រឹងស្ថាប័ន និងការកសាងមូលធនមនុស្ស៕