(សៀមរាប)៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងហូកា បានក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានចំណេះ និងជំនាញមួយពិតប្រាកដ ខណៈវិស័យទេសចរណ៍ ជាជន្ទុលកំណើនសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា និងជាឧស្សាហកម្មគ្មានផ្សែង ព្រមទាំងបានរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ជាពិសេសបានបង្កើនឱកាស ការងារជាច្រើនដល់ប្រជាពលរដ្ឋ។

ការក្រើនរំលឹកយ៉ាងដូច្នេះរបស់លោក ប៉ាក់ សុខុម នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចវគ្គទី៣ ដល់សិក្ខាកាមចំនួន ២០០នាក់ នារសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារ Memoire Palace Resort &Spa ដែលរៀបចំដោយសមាគមក្លិបទេសចរណ៍សៀមរាប សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដោយមានការចូលរួមពីលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប, លោក សែត កៅ ប្រធានសមាគមក្លិបទេសចរណ៍សៀមរាប (STC) និងអ្នកពាក់ព័ន្ធជាច្រើនផងដែរ។

លោក ប៉ាក់ សុខុម បានបន្តថា វគ្គបណ្តុះបណ្តាលនេះជាការបង្កើតឱកាសដល់យុវជន និងយុវតី ដើម្បីទទួលបានចំណេះ ជំនាញមួយពិតប្រាកដ និងទទួលបានប្រាក់ចំណូលសមរម្យ នៅពេលចូល​បម្រើការងារ​ផងដែរ។ លោកបន្តថា ទាក់ទងនឹងការអភិវឌ្ឍធនធានមនុស្សនេះ ក្រសួងទេសចរណ៍ ក៏បានដាក់ចុះនូវយុទ្ធនាការ «បុគ្គលិកម្នាក់ ជំនាញមួយ (One Employee, One Skill)» ដែលមានចក្ខុវិស័យ ធ្វើយ៉ាងណាឲ្យអ្នកជំនាញទាំងអស់ មានជំនាញ និងសមត្ថភាព ទទួលស្គាល់ស្របតាមស្តង់ដាជាតិ និងអាស៊ាន។

លោកបានបន្តថា ប្រសិនបើមិនមានការពុះពារ និងព្យាយាម ក៏មិនមានវគ្គនេះឡើងដែរ នេះជាការខិតខំប្រឹងប្រែងរបស់ប្រធានសមាគមក្លិបទេសចរណ៍សៀមរាប (STC) និងក្រុមការងារទាំងអស់ ដែលបានចុះទៅពន្យល់ណែនាំ អំពីគោលបំណងរបស់សមាគម ស្តីពីការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ច ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅតាមបណ្តាភូមិ ឃុំមួយចំនួន នៅក្នុងខេត្តសៀមរាប។

លោក ប៉ាក់ សុខុម ក៏បានថ្លែងអំណអរគុណចំពោះការខិតខំប្រឹងប្រែងរបស់សមាគមក្លិបទេសចរណ៍សៀមរាប, រដ្ឋបាលខេត្តសៀមរាប និងមូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) ដែលផ្តួចផ្តើមឲ្យមានវគ្គសិក្សានេះឡើង ដើម្បីចូលរួមអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ឲ្យកាន់តែមានការរីកចម្រើនថែមទៀត។

លោក ង៉ូវ សេងកាក់ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ស្រទាប់យុវជន ដើម្បីទទួលបានជំនាញវិជ្ជាជីវៈច្បាស់លាស់ ពាក់ព័ន្ឋទៅនឹងវិស័យទេសចរណ៍ ស្របពេលដែលអាជ្ញាធរខេត្ត បាននិងកំពុងពង្រឹង ពង្រីកវិសាលភាព នៃការបំរើសេវាកម្មទេសចរណ៍ក្នុងខេត្ត ឱ្យកាន់តែល្អប្រសើរ សំដៅចូលរួមចំណែកកសាងសេដ្ឋកិច្ចសង្គម បង្កើតការងារ បង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តភាព។

ជាមួយនេះដែរ លោកក៏បានស្នើដល់សមាគមក្លឹបទេសចរណ៍សៀមរាប និងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) សូមបន្តការគាំទ្រឱ្យមានការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចនេះ ជាបន្តបន្ទាប់ទៀតផងដែរ៕

លោក សែត កៅ បានឱ្យដឹងថាវគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល៨ខែ ដោយចាប់ផ្តើមពីខែមេសា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងនោះផ្តោតលើជំនាញ៤ រួមមាន៖ ការិយាល័យជួរមុខ, សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ, គេហកិច្ច និងផ្នែកចុងភៅ។ លោកបន្តថា នេះជាវគ្គទី៣ហើយ ដែលសមាគមក្លិបទេសចរណ៍សៀមរាប រៀបចំបណ្ដុះបណ្ដាលសិក្ខាកាមនេះឡើង ដោយវគ្គទី១ មានសិក្ខាកាមចំនួន៣០០នាក់, វគ្គទី២ មានសិក្ខាកាមចំនួន២០០នាក់ និងវគ្គទី៣នេះ មានសិក្ខាកាមចំនួន២០០នាក់។

លោកបន្តថា វគ្គសិក្សានេះមានរយៈពេល៨ខែ ដោយសិក្សាក្នុងថ្នាក់រៀនរយៈពេល៤ខែ និង៤ខែទៀត ចុះអនុវត្តន៍ផ្ទាល់ នៅតាមបណ្តាសណ្ឋាគារ ភោជនីយដ្ឋាន និងវិស័យឯកជននានា ទៅតាមមុខជំនាញរៀងៗខ្លួន៕