(ព្រុយណេ)៖ នៅអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីព័ត៌មានអាស៊ានលើកទី១៧ នៅប្រទេសព្រុយណេ ដារូស្សាឡាម, លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Fifi Aleyda Yahya អគ្គនាយិកានៃក្រសួងទំនាក់ទំនងនិងកិច្ចការឌីជីថលនៃប្រទេសឥណ្ឌូនេស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានរវាងប្រទេសទាំងពីរ និងសន្យាសហការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
ប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា បានផ្តួចផ្តើមការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយរៀបចំជាយុទ្ធនាការនៅទូទាំងប្រទេសសំដៅផ្លាស់ប្តូរឥរិយាបថពលរដ្ឋឱ្យមានការយល់ដឹងពីព័ត៌មានក្លែងក្លាយ និងការចូលរួមទប់ស្កាត់ និងបង្ការ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងជម្រាបជូនភាគីឥណ្ឌូនេស៊ីពីគំនិតផ្តួចផ្តើមឱ្យមានការសហការរួមគ្នាក្នុងការរៀបចំយុទ្ធនាការថ្នាក់តំបន់មួយដែលមានគោលបំណងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ តាមរយៈការបណ្តុះបណ្តាលផ្នែកអក្ខរកម្មព័ត៌មាន និងការចែករំលែកសារអប់រំជាសាធារណៈ និងការរួមសហការក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ព្រោះបញ្ហព័ត៌មានក្លែងក្លាយមិនមែនជារឿងដាច់ដោយឡែករបស់ប្រទេសណាមួយទេ ប៉ុន្តែជាបញ្ហាប្រឈមរបស់គ្រប់ប្រទេសទាំងអស់។ ដូច្នេះការប្រមូលកម្លាំងគ្នា និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយគឺជាការចាំបាច់។
ជាការឆ្លើយតប លោកស្រី Fifi Aleyda Yahya បានបង្ហាញពីការគាំទ្ររបស់ឥណ្ឌូនេស៊ីលើគំនិតផ្តួចផ្តើមនេះ និងសន្យាបន្តផ្លាស់ប្តូរទស្សនៈ បទពិសោធនានាពាក់ព័ន្ធនឹងការរៀបចំបទប្បញ្ញត្តិស្តីពីប្រព័ន្ធផ្សព្វផ្សាយ និងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយឱ្យកាន់តែមានប្រសិទ្ធភាព៕