(បាត់ដំបង)៖ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសខួបលើកទី ១៦២ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដែលមានលោក សុខ លូ ប្រធានគណៈកម្មាធិការសាខាបានចាត់មន្រ្តីសាខាសហកាជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកថ្មគោល បន្តការផ្សព្វផ្សាយ ឈានឆ្ពោះការអបអរខួបលើកទី ១៦២ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ របស់កាកបាទក្រហមកម្ពុជា ក្រោមមូលបទ៖ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» និងចលនាសមាជិកភាព ជូនមន្ដ្រីរាជការក្នុងមូលដ្ឋានស្រុកថ្មគោល។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ផេង សិទ្ធី សមាជិកគណៈកម្មាធិការសាខា តំណាងលោក សុខ លូ ប្រធានគណៈកម្មាធិការសាខា ដោយមានការចូលរួមពីលោក តេង គឹមស៊ាន ប្រធានគណៈកម្មាធិការអនុសាខាស្រុកថ្មគោល លោក លោកស្រី នាយក នាយករងសាខា មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋានភូមិឃុំកងកម្លាំងសរុបប្រមាណ២៧៦នាក់ នៅបរិវេណសាលាស្រុកថ្មគោល។

លោក តេង គឹមស៊ាន ប្រធានអនុសាខាស្រុក បានគូបបញ្ជាក់ថា វគ្គផ្សព្វផ្សាយនេះមាន ក្នុងគោលបំណងចូលរួមអបអរសាទរទិវា ៨ឧសភា និងចលនាសមាជិកភាពពីមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ក្នុងស្រុកថ្មគោលទាំងមូល ដើម្បីអនុសាខាស្រុកមានលទ្ធភាព មានធនធានថវិកាសម្ភារៈគ្រប់គ្រាន់ ក្នុងការបម្រើវិស័យមនុស្សធម៌ ជួយប្រជាពលរដ្ឋរងគ្រោះងាយរងគ្រោះនៅក្នុងភូមិសាស្ត្រស្រុកទាំងមូល ឲ្យបានទាន់ពេលវេលា និងចំគោលដៅ។

លោក យ៉ាន ឧត្តម នាយករងសាខាបានធ្វើបទបង្ហាញ ជូនអង្គពិធីថា ចលនាកាកបាទ ក្រហមអន្តរជាតិបានចាប់ផ្តើមនៅឆ្នាំ១៨៦៣ អនុវត្តតាមទស្សនៈវិស័យមនុស្សធម៌របស់អ្នកជំនួញ ជាតិស្វីសម្នាក់ឈ្មោះ Henry Dunant។ ការបង្កើតកាកបាទក្រហម ត្រូវបានបំផុសគំនិតដោយផ្ទាល់ដោយបទពិសោធន៍របស់ Dunant នៅក្នុងពេលមានចម្បាំង Solferino ក្នុងប្រទេសអ៊ីតាលី ឆ្នាំ១៨៥៩ ជាកន្លែងដែលលោកបានឃើញនូវភាពសោកសៅដ៏គួរឲ្យរន្ធត់នៃសង្រ្គាម និងការរងទុក្ខទោសឈឺចាប់របស់ទារងរបួស ដែលគេបានទុកចោលដោយគ្មានការថែទាំ។

កាកបាទក្រហមកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយជនរងគ្រោះដោយសង្រ្គាម, ជួយជនរងគ្រោះចេញពីគ្រោះមហន្តរាយ និងវិបត្តិមនុស្សធម៌ផ្សេងៗ, គាំទ្រសហគមន៍ ដែលងាយរងគ្រោះនៅកម្ពុជា, ការលើកកម្ពស់តម្លៃមនុស្សធម៌និងគោលការណ៍, ការធ្វើសកម្មភាពស្របតាមគោលការណ៍គ្រឹះទាំងប្រាំពីរ របស់កាកបាទក្រហម ដែលរួមមាន «មនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព» ផងដែរ។

កាកបាទក្រហមកម្ពុជា (CRC) ដែលមានអាយុ៧០ឆ្នាំរួចមកនេះ គឺជាស្ថាប័នដែលកើតឡើងដំបូងនៅក្នុងខែកុម្ភៈ ឆ្នាំ១៩៥៥។ កាកបាទក្រហមកម្ពុជា ត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (ICRC) នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ១៩៦០ ហើយបានចូលជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) នៅក្នុងឆ្នាំដដែល១៩៦០នោះផងទៀត។

កាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានរស់រានសាឡើងវិញក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា គឺជាអង្គការមនុស្សធម៌ ដ៏ឈានមុខគេរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស។

ថ្លែងក្នុងឱកាសនោះ លោក ផេង សិទ្ធី បានសម្តែងនូវក្តីសោមនស្សរីករាយ និងបាននាំមកជាមួយនូវសេចក្តីនឹករលឹក ស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ពីលោក សុខ លូ ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះអង្គពិធីទាំងមូល។

លោកសមាជិកគណៈកម្មាធិកាសាខា បានគូបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ទាំងជាតិ និងអន្តរជាតិ។ ខណៈការផ្តោតសំខាន់របស់កាកបាទក្រហម ដែលតែងតែជួយដល់ប្រជាជនរបស់ខ្លួននៅក្នុងស្រុក តួយ៉ាងដូចជាអតីតកាលរបស់កម្ពុជា ដែលស្ថិតក្នុងពេលមានសង្រ្គាម, គ្រោះធម្មជាតិ និងវិបត្តិសុខភាពនោះ, កាកបាទក្រហមកម្ពុជា ក៏នៅបានរួមចំណែកជួយដល់ចលនាកាកបាទក្រហមអន្តរជាតិ យ៉ាងទូលំទូលាយតាមមធ្យោបាយសំខាន់ៗ គួរឲ្យកត់សម្គាល់។

កាកបាទក្រហមកម្ពុជា បានចូលរួមក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ អន្តរជាតិដោយការបញ្ជូនជំនួយ និងការបរិច្ចាគទៅប្រទេស ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធំៗ ដូចជារលកយក្សស៊ូណាមិ ក្នុងឆ្នាំ២០០៤, ការរញ្ជួយដីនៅប្រទេសនេប៉ាល់ ឆ្នាំ២០១៥ និងករណីផ្សេងៗជាច្រើនទៀត។ ថ្វីត្បិតតែកម្ពុជា ជាប្រទេសដ៏តូចក៏មែនពិត ប៉ុន្តែកាយវិការ នៃសាមគ្គីភាពលើកស្ទួយស្មារតីកាកបាទក្រហម នៃ «មនុស្សជាតិតែមួយ» គឺកម្ពុជាមិនដែលមើលរំលងចោលឡើយ។

គោលបំណង និងអត្ថន័យនៃមូលបទ វគ្គផ្សព្វផ្សាយនេះថាក្នុងការប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ចំនួន៤ចំណុចរួមមាន៖

*១៖ អំពាវនាវ និងបំផុសបងប្អូនរួមជាតិ ឲ្យចូលរួមដោយស្ម័គ្រចិត្តជាកម្លាំងអនុវត្តប្រកបដោយឆន្ទៈ មនសិការ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការស្រឡាញ់ខ្លួន ដោយស្ងួនចំណីការរក្សាអាហារូបត្ថម្ភប្រចាំថ្ងៃ ការថែទាំសុខភាពផ្លូវកាយ/ចិត្ត និងការរៀបចំឥរិយាបថរស់នៅដោយការធ្វើកីឡាទៀងទាត់ ដើម្បីសុខភាពល្អរបស់ពលរដ្ឋម្នាក់ៗ របស់គ្រួសារមួយ និងរបស់សង្គមជាតិទាំងមូល ដែលត្រូវការ ចាំបាច់ណាស់នូវធនធានមនុស្សមានសមត្ថភាព និងមានសុខភាពល្អ ក្នុងការជួយជំរុញវឌ្ឍនភាពកម្ពុជា ឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

*២៖ រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែង បង្កើនការយល់ដឹងរបស់ប្រជាជនគ្រប់វ័យ ជាពិសេស យុវជន និងកុមារ ក្នុងការបង្ការហានិភ័យនៃជំងឺ ជាពិសេសជំងឺមិនឆ្លងចម្បងៗ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺឡើងសម្ពាធឈាម ជំងឺមហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលជាមូលហេតុចម្បង នៃការស្លាប់និងពិការភាពរបស់ប្រជាជនកម្ពុជា តាមរយៈការអប់រំសុខភាពតាមសហគមន៍ តាមគ្រឹះស្ថានសិក្សា និងតាមយន្តការផ្សព្វផ្សាយដើម្បីបញ្ជូនសារអប់រំសុខភាពដល់ប្រជាជននិងសាធារណៈជន។

*៣៖ ទាញស្មារតីប្រុងប្រយ័ត្នរបស់បងប្អូនរួមជាតិ ជាពិសេសស្ត្រី ក្មេងស្រី កុមារ យុវវ័យ មនុស្សវ័យចាស់ ចំពោះផលវិបាកនានាដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងត្រូវនាំគ្នាប្រុងប្រយ័ត្នគ្រប់ ពេលវេលាចំពោះហានិភ័យគ្រោះថ្នាក់ដល់អាយុជីវិត ដល់សុខភាព ដោយសារតែអាកាសធាតុ ប្រែប្រួល ដូចជាអាកាសធាតុក្តៅខ្លាំង ឬត្រជាក់ខុសពីធម្មតា ជាដើម។

*៤៖ អំពាវនាវចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានឲ្យចូលរួមឧបត្ថម្ភ និងគាំទ្រដោយការស្ម័គ្រចិត្ត និងតាម សទ្ធាជ្រះថ្លា ដល់យុទ្ធនាការរកមូលនិធិរបស់កាកបាទក្រហមកម្ពុជាទាំងនៅថ្នាក់កណ្តាល ទាំងនៅ តាមសាខារាជធានី ខេត្ត ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ឧសភា។

ក្នុងន័យនេះ គឺមានតែការចូលរួមជួយឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លាពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ទើបកាកបាទក្រហមកម្ពុជាមានធនធានហិរញ្ញវត្ថុអាចធ្វើប្រតិបត្តិការមនុស្សធម៌ ឆ្លើយតបតម្រូវការ នៃភាពងាយរងគ្រោះបំផុត ដែលកើតមានឡើងកាន់តែញឹកញាប់ជាងមុន និងក្នុងវិសាលភាព កាន់តែធំជាងមុន បានឆាប់រហ័ស ទាន់ពេលវេលា តាមទិសស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»៕