(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) ការិយាល័យប្រចាំប្រទេសកម្ពុជា បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនៃស្ថាប័នអ្នកស្ម័គ្រចិត្តកូរ៉េ ឆ្នាំ២០២៥ ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តបន្តរបស់ខ្លួនក្នុងការពង្រឹងភាពជាដៃគូ ពង្រីកការចូលរួមអ្នកស្ម័គ្រចិត្តប្រកបដោយនិរន្តរភាព និងការខិតខំប្រឹងប្រែងស្របតាមអាទិភាពអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។
កិច្ចប្រជុំកិច្ចប្រជុំប្រចាំឆ្នាំនេះ បានធ្វើឡើងនាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ មានការចូលរួមពីលោកស្រី ផាណា វ៉ឺនីដា អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ឆយ មូនជុង នាយកប្រចាំប្រទេសនៃការិយាល័យកយកា រួមជាមួយតំណាងស្ថាប័នដៃគូចំនួន៣០ ដែលទទួលអ្នកស្ម័គ្រចិត្តកូរ៉េ នៅទូទាំងប្រទេសកម្ពុជា។
ចាប់តាំងពីមានវត្តមាន កម្មវិធីអ្នកស្ម័គ្រចិត្តកូរ៉េនៅកម្ពុជា ជាលើកដំបូងក្នុងឆ្នាំ២០០៣ កម្មវិធីនេះបានរីកចម្រើនយ៉ាងខ្លាំង ដោយរហូតមកដល់បច្ចុប្បន្នអ្នកស្ម័គ្រចិត្តកូរ៉េសរុបប្រហែល ១,១០៣នាក់ បានបញ្ជូនមកកម្ពុជា។ បច្ចុប្បន្ននេះអ្នកស្ម័គ្រចិត្តកូរ៉េចំនួន ១៧នាក់ កំពុងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យដូចជា សារព័ត៌មាន និងការផ្សាយ បច្ចេកវិទ្យារថយន្ត ការអប់រំភាសាកូរ៉េ ការអប់រំកុមារតូច និងព័ត៌មានវិទ្យា។ លើសពីនេះអ្នកស្ម័គ្រចិត្តក្រុមគម្រោងចំនួន ១៣នាក់ កំពុងបម្រើការក្នុងផ្នែកថែទាំសុខភាព និងការអប់រំ។
កិច្ចប្រជុំឆ្នាំនេះផ្តោតលើកការពង្រឹងនិរន្តរភាព វិសាលភាពនៃកម្មវិធីស្ម័គ្រចិត្តកូរ៉េ ការពង្រឹងភាពជាដៃគូ និងការវាយតម្លៃពេញចិត្ត ជាមួយស្ថាប័នដៃគូ ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កយកា ចំពោះការសហការនាពេលអនាគតក្នុងការគាំទ្រវិស័យអាទិភាពអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។ អ្នកចូលរួមក៏បានចែករំលែកការយល់ដឹងយ៉ាងសកម្មផងដែរ ដើម្បីកែលម្អកម្មវិធីអ្នកស្ម័គ្រចិត្តកូរ៉េនៅកម្ពុជា ។
លើសពីនេះក្នុងការទទួលស្គាល់កិច្ចសហការល្អ ការទំនាក់ទំនងល្អ និងកិច្ចខិតខំប្រឹងប្រែងបន្តរបស់ស្ថាប័នដៃគូ កយកា បានប្រគល់ពានរង្វាន់ដល់ស្ថាប័នឆ្នើមចំនួន៣ គឺសាលាមធ្យមសិក្សា គរុកោសល្យមត្តេយ្យមជ្ឈិមភ្នំពេញ សាកលវិទ្យាល័យជាតិបាត់ដំបង និងមន្ទីរអប់រំខេត្តមានជ័យ។
លោកស្រី ឆយ មូនជុង បានលើកឡើងពីសមិទ្ធិផលដ៏ល្អក្នុងឆ្នាំ២០២៤ រួមទាំងការវាយតម្លៃពេញចិត្តពីស្ថាប័នដៃគូ និងគម្រោងដែលមានឥទ្ធិពលដូចជាយុទ្ធនាការ «Clean Up Cambodia» និងសកម្មភាពសង្គមក្នុងខេត្តកំពង់ឆ្នាំង ដែលបានផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាង ៥,៨០០នាក់។ លោកស្រីក៏បានណែនាំកម្មវិធីអ្នកស្ម័គ្រចិត្តគម្រោងថ្មីនៅមន្ទីរពេទ្យកុមារជាតិ ជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ កយកា ក្នុងការពង្រីកភាពជាដៃគូ និងពង្រឹងតួនាទីអ្នកស្ម័គ្រចិត្តក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា។
លោកស្រី ផាណា វ៉ឺនីដា បានសង្កត់ធ្ងន់លើភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និងកូរ៉េ ដោយបានគូសបញ្ជាក់ពីការពង្រឹងកម្មវិធីអ្នកស្ម័គ្រចិត្តកូរ៉េ ជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងអាទិភាពអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។
លោកស្រី ក៏បានកោតសរសើរចំពោះការរួមចំណែកយ៉ាងសំខាន់របស់អ្នកស្ម័គ្រចិត្តកូរ៉េជាង ១,១0៣នាក់ក្នុងការពង្រឹងសមត្ថភាពស្ថាប័នក្នុងការអប់រំ វិស័យថែទាំសុខភាព និងការអភិវឌ្ឍន៍ជនបទ។ ដោយទទួលស្គាល់ផលវិជ្ជមានលើធនធានមនុស្ស ការផ្តល់សេវាកម្ម និងការពង្រឹងសហគមន៍ និងបានលើកទឹកចិត្តដល់ការបន្តពង្រីកកម្មវិធីអ្នកស្ម័គ្រចិត្ត ដើម្បីគាំទ្រដល់ចក្ខុវិស័យឆ្នាំ ២០៥០ របស់កម្ពុជា ការផ្លាស់ប្តូរឌីជីថល និងអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព។
សម្លឹងឆ្ពោះទៅមុខការិយាល័យកយកាកម្ពុជា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូរបស់ខ្លួន ដើម្បីពង្រីកគម្រោងអ្នកស្ម័គ្រចិត្តដែលមានផលវិជ្ជមានខ្ពស់ និងពង្រឹងបន្ថែមលើកម្មវិធីស្ម័គ្រចិត្ត ដែលជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងមិត្តភាពកូរ៉េ-កម្ពុជា និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕