(ឥណ្ឌូនេស៊ី)៖ នាឱកាសដែលសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌូនេស៊ី ក្រុមហ៊ុនអាកាសចរណ៍ជាតិមួយរបស់ឥណ្ឌូនេស៊ី ដែលមានឈ្មោះថា ក្រុមហ៊ុន Garuda Indonesia បានបញ្ជាក់ពីបំណង និងកំពុងសិក្សាអំពីជើងហោះហើរពីប្រទេសឥណ្ឌូនេស៊ី ទៅកាន់ខេត្តសៀមរាប ប្រទេសកម្ពុជា ដើម្បីជំរុញការផ្តាស់ប្តូរភ្ញៀវទេសចរឱ្យបានច្រើនបន្ថែមទៀត។
នេះបើតាមការបញ្ជាក់របស់បណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា នាល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីដំណើរទស្សនាកិច្ចផ្លូវការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទៅកាន់នៅប្រទេសឥណ្ឌូនេស៊ី និងប្រទេសទីម័រឡេស្តេ។
លោកបណ្ឌិត ចែម វីឌ្យ៉ា បានថ្លែងដូចនេះថា «ទទឹមនឹងជើងហោះហើរ Air Asia រវាងកម្ពុជា ភ្នំពេញ និងទីក្រុងហ្សាកាតា ក្រុមហ៊ុនជាតិរបស់ឥណ្ឌូនេស៊ី ដែលមានឈ្មោះថា ហ្ការ៉ូដា (Garuda Indonesia) កំពុងសិក្សាអំពីការហោះហើរទៅសៀមរាប ហើយប្រហែលនៅពេលខ្លីខាងមុខនេះនឹងចាប់ផ្តើមហោះហើយ ពីប្រទេសឥណ្ឌូនេស៊ី ទៅសៀមរាប»។
លោកបណ្ឌិត ចែម វីឌ្យ៉ា បានបន្ថែមថា ការសិក្សាជើងហោះហើយពីប្រទេសឥណ្ឌូនេស៊ី ទៅខេត្តសៀមរាបរបស់កម្ពុជានេះ ដើម្បីជំរុញការផ្តាស់ប្តូរភ្ញៀវទេសចរឱ្យបានច្រើនបន្ថែមទៀត រវាងប្រទេសឥណ្ឌូនេស៊ី និងខេត្តសៀមរាប។
លោកបណ្ឌិត ចែម វីឌ្យ៉ា បានបន្ថែមថា នៅក្នុងជំនួបវរវាងថ្នាក់ដឹងនាំកំពូលរបស់ឥណ្ឌូនេស៊ី និងសម្តេចតេជោ ហ៊ុន សែន ប្រទេសទាំងពីរ កម្ពុជា និង ឥណ្ឌូនេស៊ី ក៏បានប្តេជ្ញាធ្វើការឱ្យបានកាន់តែស្និទ្ធស្នាលជាមួយគ្នា ដើម្បីប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដែលជាបញ្ហាធំដែលមាននៅទូទាំងសកលលោក ដែលមានទាំងបញ្ហា ឆបោក និងបញ្ហាគ្រឿងញៀនផងដែរ៕