(ភ្នំពេញ)៖ លោកបណ្ឌិត ចែម វិឌ្យ៉ា ប្រធានគណៈកម្មាធិការទី៥ នៃព្រឹទ្ធសភាកម្ពុជា បានអះអាងថា ប្រធានាធិបតីឥណ្ឌូនេស៊ី បានទទួលបដិសណ្ឋារកិច្ចជូន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ស្មើកម្រិតប្រមុខរដ្ឋ ដែលមិនមែនត្រឹមតែជាទស្សនកិច្ចការងារនោះទេ។

លោកបណ្ឌិត បានលើកឡើងបែបនេះ ក្នុងសន្និសីទកាសែត នាល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្តីពីដំណើរទស្សនាកិច្ចផ្លូវការ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទៅកាន់នៅប្រទេសឥណ្ឌូនេស៊ី និងប្រទេសទីម័រឡេស្តេ។

លោកបានបញ្ជាក់ដូច្នេះថា ឯកឧត្តម ប្រាបូវ៉ូ (Prabowo Subianto) គឺគាត់បញ្ជាផ្ទាល់ នៅនាទីចុងក្រោយហ្នឹងគឺថា ឲ្យទទួលសម្ដេចតេជោ ថ្មើរនឹងប្រមុខរដ្ឋ ហើយមិនមែនទស្សនកិច្ចការងារនោះទេ គឺស្មើនឹងទស្សនកិច្ចផ្លូវការរបស់ប្រមុខរដ្ឋ»។

លោកបណ្ឌិតបានបញ្ជាក់បន្តថាថា មូលហេតុដែលលោកហ៊ាននិយាយបែបនេះក៏ព្រោះតែ នៅពេលដែលចុះពីលើយន្តហោះពេលដល់ប្រទេសឥណ្ឌូនេស៊ី គឺមានក្បួនម៉ូតូចំនួន១៥ បានទទួលដំណើរសម្ដេច ព្រោះថាបើទស្សនកិច្ចការងារគឺមានតែពីរប៉ុណ្ណោះមួយមុខមួយក្រោយ។

លោកបន្តទៀតថា រឿងដ៏ភ្ញាក់ផ្អើលមួយទៀត នៃបដិសណ្ឋារកិច្ចនេះ គឺមានការរៀបចំកងកិត្តិយសជិះសេះ បានទទួលដំណើរសម្ដេចដែលប្រៀបបីដូចជា ការទទួលព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះមហាក្សត្រដូច្នោះដែរ៕