(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី នៅវត្តវរបព្វតារាម (ហៅវត្តភ្នំព្រះ) ស្ថិតនៅភូមិពាណិជ្ជ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បាននាំយកការសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគេន និងជូនព្រះថេរានុថេរៈគ្រប់ព្រះអង្គ ព្រមទាំងលោកយាយ លោកតា អ៊ុំពូមីង បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទអ្នកខេត្តកំពង់ស្ពឺផងដែរ។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ក៏សូមកោតសរសើរ និងថ្លែងអំណរគុណដោយស្មោះចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងគណៈកម្មការអាចារ្យវត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងកៀរគរ បច្ច័យពីសប្បុរជន និងពុទ្ធបរិស័ទគ្រប់ទិសទី ដែលបានលះបង់ទាំងកម្លាំង កាយចិត្ត និងសម្ភារ ចូលរួមចាប់មគ្គផលកសាងសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងទីវត្តអារាមនេះ ក្នុងការជួយលើកម្ពស់វិស័យព្រពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
សូមបញ្ជាក់ថា ថ្ងៃនេះសមិទ្ធផលដែលនឹងដាក់សម្ពោធឆ្លង គឺព្រះវិហារថ្មីទំហំ ទទឹង៣៦.១០ម៉ែត្រ គុណបណ្តោយ៤៥.១០ម៉ែត្រ កម្ពស់២៥ម៉ែត្រ ចំណាយអស់ថវិកា៣២៧,៥០០ដុល្លារ ដែលបានបើកការដ្ឋានដំណើរការសាងសង់នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១០ និងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ព្រមទាំងសាលាធម្មសភា, កុដិឈើ៤ខ្នង ប្រក់ក្បឿងក្បាច់, កុដ្ឋថ្ម គឺជាថវិកាដែល កើតចេញអំពីសទ្ធាសាមគ្គីរបស់ពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជននានា៕