(តាកែវ)៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញដល់ក្រុមមន្រ្តីព័ត៌មាន ត្រូវធ្វើសកម្មភាពឲ្យបានខ្លាំងក្លា តាមរយៈការផ្សព្វផ្សាយពី «គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ» នៅតាមសាលារៀន សហគមន៍ និងមូលដ្ឋានធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ ជាពិសេសយុវវ័យមានការយល់ដឹងកាន់តែច្បាស់លាស់ ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ។
ការលើកឡើងរបស់ លោក ទេព អស្នារិទ្ធ ធ្វើឡើងក្នុងឱកាសចូលរួមកិច្ចប្រជុំតម្រង់ទិសការងារព័ត៌មាន សាធារណមតិ និងការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដល់មន្រ្តីនៃមន្ទីរព័ត៌មានខេត្តតាកែវ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។
អ្នកនាំពាក្យក្រសួងពត៌មាន បានគូសបញ្ជាក់ថា គិតត្រឹម ត្រីមាសទី១ ឆ្នាំ២០២៥ ក្រសួងព័ត៌មាន តាមរយៈគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ខ្លួន បានកត់ត្រាព័ត៌មានក្លែងក្លាយ សរុបចំនួន ៨៨៤ករណី។
បើតាមការឲ្យដឹងរបស់ លោក ទេព អស្នារិទ្ធ, ក្នុងឆ្នាំ២០២៤ ព័ត៌មានក្លែងក្លាយ មានការកើនឡើងរហូតដល់ ១៤ភាគរយ បើធៀបនឹងឆ្នាំ២០២៣។ ការកើនឡើងនៃព័ត៌មានក្លែងក្លាយស្របពេលដែលការប្រើប្រាស់តាមបណ្ដាញសង្គម ហ្វេសប៊ុក ទីកតុក តេឡេក្រាម អ៊ីនស្តាក្រាម ជាពិសេសការប្រើបច្ចេកវិទ្យាទំនើប «សញ្ញាសិប្បនិម្មិតAI» មានសន្ទុះកើនឡើងកាន់តែខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជា។
ក្នុងន័យនេះ លោក ទេព អស្នារិទ្ធ បញ្ជាក់បន្ថែមថា ដើម្បីទប់ស្កាត់ពត៌មានក្លែងក្លាយកុំអោយបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដល់សង្គម ជាពិសេសដល់យុវវ័យដែលកម្ពុជាយើងមានយុវវ័យប្រមាណ ៦៦ភាគរយ។ ក្រុមមន្រ្តីពត៌មានទាំងអស់ត្រូវចុះទៅផ្សព្វផ្សាយ ដោយផ្ទាល់ដល់សិស្សានុសិស្សតាមសាលារៀន តាមសហគមន៍ និងនៅតាមភូមិឃុំបងប្អូនប្រជាពលរដ្ឋរស់នៅ។
នាឱកាសនោះ អ្នកនាំពាក្យក្រសួងពត៌មាន បានបញ្ជាក់ឲ្យដឹងថា ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ មន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវធ្វើសកម្មភាពអោយបានខ្លាំងក្លា តាមរយៈលើកកម្ពស់ការផ្សព្វផ្សាយតែព័ត៌មានពិត មានក្រមសីលធម៌វិជ្ជាជីវៈ មានប្រភពព័ត៌មានច្បាស់លាស់ មានភាពត្រឹមត្រូវអាចទុកចិត្តបាន៕