(ភ្នំពេញ)៖ មន្ទីរបរិស្ថានខេត្តព្រះវិហារ បានចេញមកបំភ្លឺអំពីករណីផ្សព្វផ្សាយព័ត៌មានមិនពិត និងមានចរិតញុះញង់បង្កបញ្ហានានាក្នុងសង្គម ដោយសារព័ត៌មាន RFA Khmer កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ និងការផ្តល់ព័ត៌មានក្លែងបន្លំដោយបុគ្គលឈ្មោះ ម៉ា ចិត្រា ចំពោះព្រៃឈើក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការ ក្នុងខេត្តព្រះវិហារ។
មន្ទីរបរិស្ថានខេត្តព្រះវិហារ សូមធ្វើការស្រាយបំភ្លឺព័ត៌មានដូចតទៅ៖
*សារព័ត៌មាន RFA khmer បានចុះផ្សាយព័ត៌មានដោយគ្មានមូលដ្ឋានច្បាស់លាស់ ប្រើព័ត៌មានចាស់ រូបភាពចាស់ មិនឆ្លុះបញ្ចាំងកាពិតជាក់ស្តែងនៃស្ថានភាពព្រៃឈើក្នុងពេលបច្ចុប្បន្ន ព្រមទាំងមានចរិតញុះញង់បំពុលសង្គម ធ្វើឱ្យសាធារណជន មានការយល់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំ និងស្ថាប័នសាធារណៈ។
*បុគ្គលឈ្មោះ ម៉ា ចិត្រា តែងតែចូលធ្វើសកម្មភាពក្នុងតំបន់ការពារដោយគ្មានច្បាប់អនុញ្ញាត បានបង្កើតព័ត៌មានមិនពិត មានចេតនាញុះញង់ ប៉ុនប៉ង និងបង្កឱ្យមានបញ្ហាសណ្តាប់ធ្នាប់ក្នុងសង្គម ដើម្បីបម្រើឱ្យនយោបាយរបស់ក្រុមអគតិក្រៅច្បាប់នៅក្រៅប្រទេស។
*មន្ត្រីឧទ្យានុរក្សនៅតាមតំបន់ការពារធម្មជាតិបានអនុវត្តលើការអនុវត្តតួនាទីភារកិច្ច និងមានការទទួលខុសត្រូវខ្ពស់ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តនានាជាធរមានដោយមានការសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធនៃបញ្ជាការកងឯកភាពខេត្ត អាជ្ញាធរដែនដី ជាពិសេសជាមួយសហគមន៍មូលដ្ឋាន ធ្វើការចុះល្បាត និងអនុវត្តច្បាប់យ៉ាងតឹងរឹង ដើម្បីទប់ស្កាត់សកម្មភាពបទល្មើសធនធានធម្មជាតិ បង្កើនគម្របបៃតង សំដៅសម្រេចគោលដៅកម្ពុជាជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០២៥។
*ជាថ្មីម្តងទៀត មន្ទីរបរិស្ថានខេត្តព្រះវិហារ នឹងចាត់វិធានការតាមផ្លូវច្បាប់ទៅលើបុគ្គល និងក្រុមខិលខូចចំពោះករណីខាងលើ និងស្នើសុំសារព័ត៌មានបញ្ឈប់ការផ្សាយព័ត៌មានមិនពិត និងត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវ ដើម្បីចៀសផុតពីការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ៕