(ស្វាយរៀង)៖ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានថ្លែងថា កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវធ្វើជាគំរូល្អទៅដល់ប្រជាពលរដ្ឋ ក្នុងការគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រោះកងកម្លាំងជាតួអង្គក្នុងការអនុវត្តច្បាប់។

ការថ្លែងលើកឡើងបែបនេះ ក្នុងឱកាសដែលលោក តំណាងឱ្យលោក ប៉េង ពោធិ៍សាអភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីអប់រំផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពក្នុងការដឹកជញ្ជូនជូន ដល់អ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករ និយោជិត ដែលកម្មវិធីនេះ រៀបចំដោយបេឡាជាតិសន្តិសុខសង្គម នៅសាលប្រជុំតំបន់សេដ្ឋកិច្ចពិសេស (មេនហាតធេន)។

ថ្លែងទៅកាន់អង្គពិធី លោកអភិបាលរងខេត្ត បានអំពាវនាវដល់កម្មករ កម្មការិនីនិងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកទុកដាក់ក្នុងការថែរក្សាការពារអាយុជីវិត ជាពិសេសដល់ក្រុមគ្រួសារខ្លួននិងអ្នកដទៃដែលជាអ្នកប្រើប្រាស់ផ្លូវគ្រប់ៗគ្នា តាមរយៈការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ដោយអនុវត្តច្បាប់សំដៅការបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឲ្យបានជាអតិបរមា។

លោក ក៏បានក្រើនរំលឹកទៅដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវធ្វើជាគំរូល្អទៅដល់ប្រជាពលរដ្ឋ ក្នុងការគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រោះកងកម្លាំងជាតួអង្គក្នុងការអនុវត្តច្បាប់ ជាអ្នកចាប់ផាកពិន័យផងដែរ៕