(ភ្នំពេញ)៖ ពន្ធគយ គឺជាពន្ធដែលគិតប្រាក់ទៅលើផលិតផលដែលត្រូវបានដឹកជញ្ជូនឆ្លងកាត់ព្រំដែនប្រទេស រីឯអាករគឺជាពន្ធគិតលើទំនិញដែលបានលក់ក្នុងប្រទេសនីមួយៗ និងត្រូវបានគ្រប់គ្រងដោយស្ថាប័នគយនៃដែនដីប្រទេសនីមួយៗ ។ គោលបំណងនៃការបង់ពន្ធគយ និងអាករ គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប ឬស្ថាប័ននានា ដើម្បីរួមចំណែកការពារ អភិវឌ្ឍន៍ជាតិមាតុភូមិ និងរក្សាបាននូវការប្រកួតប្រជែងដោយតម្លាភាពដោយឥតយល់យោគចំពោះបុគ្គលណាឡើយ ក្នុងការនាំចេញ នាំចូលទំនិញផ្សេងៗ ។ ពន្ធគយ និងអាករ ត្រូវបានកំណត់ និងអនុវត្តតាមអាត្រាដែលរដ្ឋាភិបាលនៃប្រទេសនោះបានកំណត់ ។

ពន្ធគយ និងអាករ អាចមានការហៅឈ្មោះផ្សេងៗគ្នា អាស្រ័យទៅលើប្រទេសដែលបានកំណត់រៀងៗខ្លួន ។ ឧទាហរណ៍ VAT (អាករលើតម្លៃបន្ថែម) ប្រើនៅក្នុងចក្រភពអង់គ្លេស GST (ពន្ធលើទំនិញនិងសេវាកម្ម) ប្រើនៅក្នុងប្រទេសអូស្ត្រាលី ណូវែលហ្សេឡង់ សិង្ហបុរី និងជប៉ុន គេប្រើ TVA (Taxe sur la valeur ajoutée) នៅក្នុងប្រទេសបារាំង ហើយប្រើ BTW (Belasting Toegevoegde Waarde) នៅក្នុងប្រទេសហូឡង់ និងប្រើ UST (Umsatzsteuer) នៅក្នុងប្រទេសអាល្លឺម៉ង់ ។ល។

ជាមួយគ្នានេះផងដែរអ្នកបង់ពន្ធត្រូវស្វែងយល់ឱ្យកាន់តែច្បាស់ថា តើពន្ធគយ និងអាករត្រូវបានអនុវត្តបែបណាខ្លះ? ហើយគណនាបែបណាខ្លះ?

ហេតុដូចនេះ ដើម្បីបកស្រាយនូវចម្ងល់ខាងលើជូនបងប្អូនប្រជាពលរដ្ឋ និងនិស្សិតទាំងអស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី ពន្ឋគយ និងអាករ មកធ្វើការចែករំលែកដូចតទៅ ។

ពន្ធគយ និងអាករ មានការកំណត់ផ្អែកទៅលើកូដសម្រាប់បញ្ជាក់ ប្រភេទទំនិញ និងប្រទេសនៃប្រភពដើមនៃទំនិញ។ ជាទូទៅ ការគណនាគឺផ្អែកលើការពិពណ៌នានៃទំនិញដែលផ្តល់ជូននៅក្នុងវិក្កយបត្រពាណិជ្ជកម្ម និងកូដ (HARMONIZED SYSTEM) របស់ទំនិញ បញ្ជីវេចខ្ចប់ និងអញ្ញត្តិប័ណ្ណ ហើយវិធីផ្សេងទៀតដូចជាការកំណត់ប្រភពដើមនៃទំនិញ ។ រីឯទំនិញមួយចំនួនគឺស្ថិតនៅក្រោមការគិតថ្លៃផ្សេងទៀត ដូចជាពន្ធអាករពិសេស ដែលជាពន្ធបន្ថែមដោយផ្អែកលើបរិមាណ និងអនុវត្តចំពោះទំនិញដូចជាគ្រឿងស្រវឹង ថ្នាំជក់ ស៊ីម៉ង់ និងប្រេងជាដើម។ល។ ទំនិញដែលនៅក្រោមវិធានការការពារពាណិជ្ជកម្ម និងវិធានការរឹតត្បិតផ្សេងទៀត ក៏អាចនាំមកនូវការគិតថ្លៃបន្ថែមផ្សេងទៀតផងដែរ ។ ឧទាហរណ៍៖ រូបមន្តគណនាពន្ធគយ និងអាករក្នុងព្រះរាជាណាចក្រកម្ពុជា

ក. ចំពោះទំនិញទូទៅការគណនាប្រាក់ពន្ធ អាករ ត្រូវគណនាតាមលំដាប់លំដោយ ជាដំបូងត្រូវគណនាពន្ធនាំចូល អាករពិសេស (បើមាន) និងអាករលើតម្លៃបន្ថែម។
• ពន្ធនាំចូល = តម្លៃគិតពន្ធគយ x អត្រាពន្ធនាំចូល
• អាករពិសេស = (តម្លៃគិតពន្ធគយ + ពន្ធនាំចូល) x អត្រាអាករពិសេស
• អាករលើតម្លៃបន្ថែម = (តម្លៃគិតពន្ធគយ + ពន្ធនាំចូល) x ១០% (ចំពោះទំនិញទូទៅមិនជាប់អាករពិសេស) ឬ = (តម្លៃគិតពន្ធគយ + ពន្ធនាំចូល + អាករពិសេស) x ១០% (ចំពោះទំនិញទូទៅ)
ប្រាក់ពន្ធ និងអាករសរុប = ពន្ធនាំចូល + អាករលើតម្លៃបន្ថែម (ចំពោះទំនិញទូទៅមិនជាប់អាករពិសេស)
ឬ= ពន្ធនាំចូល + អាករពិសេស + អាករលើតម្លៃបន្ថែម (ចំពោះទំនិញទូទៅជាប់អាករពិសេស) ។

ខ. ចំពោះប្រេងសាំង ឬម៉ាស៊ូត
ការគណនាប្រាក់ពន្ធ អាករ ត្រូវគណនាតាមលំដាប់លំដោយ ជាដំបូងត្រូវគណនាពន្ធនាំចូល អាករបន្ថែម អាករពិសេស និងអាករលើតម្លៃបន្ថែម ។
• ពន្ធនាំចូល = តម្លៃគិតពន្ធគយ x អត្រាពន្ធនាំចូល
• អាករបន្ថែម = បរិមាណ (ចំនួនលីត្រ) x 0.02$ x អត្រាប្តូរប្រាក់ (ចំពោះប្រេងសាំង)
ឬ = បរិមាណ (ចំនួនលីត្រ) x 0.04$ x អត្រាប្តូរប្រាក់ (ចំពោះប្រេងម៉ាស៊ូត)
• អាករពិសេស = (តម្លៃគិតពន្ធគយ + ពន្ធនាំចូល + អាករបន្ថែម) x អត្រាអាករពិសេស
• អាករលើតម្លៃបន្ថែម = (តម្លៃគិតពន្ធគយ + ពន្ធនាំចូល + អាករបន្ថែម + អាករពិសេស) x ១០%
ប្រាក់ពន្ធ និងអាករសរុប = ពន្ធនាំចូល + អាករបន្ថែម + អាករពិសេស + អាករលើតម្លៃបន្ថែម ។

សរុបសេចក្តីមកពន្ធគយ និងអាករ ជាប្រភេទពន្ធ ដែលរដ្ឋតម្រូវឱ្យបុគ្គល ឬស្ថាប័ននានាដែលនាំចូល ឬទិញទំនិញពីក្រៅប្រទេសបង់ជាចាំបាច់នៅពេលទិញទំនិញ ចំពោះការគណនាពន្ធគយ និងអាករនេះត្រូវគណនាដោយផ្នែកទៅតាមការកំណត់ជាក់ស្តែងក្នុងច្បាប់ស្តីពីគយ ឬប្រកាសនានាពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ហើយប្រាក់ដែលប្រមូលបានមក គឺរដ្ឋបានយកទៅបើកប្រាក់បៀវត្សជូនមន្រ្តីរាជការ និងការអភិវឌ្ឍនានាក្នុងប្រទេស ។

រៀបរៀងដោយ៖ លោកមេធាវី ប៊ុន វិទូ និងលោក ឆែ វណ្ណម៉ូលីវ័ន្ត ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕