(ក្រចេះ)៖ នាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥នេះ ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទជាង ១ពាន់អង្គ/នាក់ បានរួមគ្នាប្រារព្ធពិធីដង្ហែបុណ្យពិសាខបូជា។
ពិធីដង្ហែបុណ្យពិសាខបូជា ត្រូវបានធ្វើឡើងនៅបរិវេណវត្តព្រះវិហារធំ សសរ១០០ ឆ្ពោះទៅកាន់ទីរួមស្រុកសំបូរ ខេត្តក្រចេះ។ ពិធីត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះ និងជាព្រះចៅអធិការវត្តព្រះវិហារធំសសរ១០០។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ប៊ុន ឈឿន ប្រធានក្រុមប្រឹក្សាស្រុកសំបូរ ព្រមទាំងសហការី និងលោកស្រី ហ៊ា សារ៉ង អភិបាលរងស្រុកសំបូរ ព្រមទាំងសហការី។ មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ លោក នាយក នាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។
តាមការថេរៈដីកាពីព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះ ព្រះនាយកកម្រងសាលាពុទ្ធិកបឋមសិក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្រុកសំបូរ និងជាព្រះចៅអធិការវត្តព្រះវិហារធំសសរ១០០ បានឱ្យដឹងថា ពិធីបុណ្យវិសាខបូជានេះ គឺជាពិធីបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជា បានចាត់ទុកជាបុណ្យជាតិ សម្រាប់ថ្ងៃ ១៥កើត(ពេញបូណ៌មី) ខែពិសាខ ដែលប្រារព្ធឡើង គឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍នក្ខត្តសម័យដ៏ពិសេសចំនួន៣ ដែលទាក់ទងនឹងព្រះសម្មាសម្ពុទ្ធ គឺ៖
ទី១- ព្រះអង្គទ្រង់ប្រសូត
ទី២- ព្រះអង្គទ្រង់ត្រាស់ដឹង
ទី៣- ព្រះអង្គទ្រង់ចូលបរិនិព្វាន៕