(ភ្នំពេញ)៖ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ បានព្រះរាជទានអំណោយដល់លោកតា លោកអ៊ំ និងលោកពូ ដែលជាអ្នកធាក់ស៊ីក្លូប្រមាណ ១៥៣នាក់ ក្នុងថ្ងៃបុណ្យវិសាខបូជា ដើម្បីទុកឲ្យពួកគាត់ដោះស្រាយជីវភាពប្រចាំថ្ងៃ ។

សម្រាប់ដែលអំណោយទាំងអស់នោះ រួមមានអង្ករ ភួយ គ្រឿងឧបភោគបរិភោគ ម្ហូបអាហារ រួមទាំងថវិកាមួយចំនួន ដែលទេយ្យទានរបស់លោកស្រី ទាវ ប៊ុនចិន្តា និងស្វាមី ព្រមទាំងបុត្រ រួមទាំងក្រុមការងារ ។

ក្នុងឱកាសផ្ដល់នូវព្រះរាជអំណោយ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី មានព្រះរាជបន្ទួលថា អំណោយទាំងអស់នេះ គឺជាការចូលរួមមួយចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយនូវបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋ ខណៈលោកតា លោកអ៊ំ និងលោកពូ ដែលជាអ្នកធាក់ស៊ីក្លូមួយចំនួន ជាអ្នកមានជីវភាពខ្វះខាត ។

ជាមួយនោះ ដោយសារបច្ចុប្បន្នជារដូវមានភ្លៀងធ្លាក់ សម្ដេចព្រះមហាសង្ឃរាជ បានមានបន្ទួលដាក់តឿនដល់លោកតា លោកអ៊ំ និងលោកពូ ត្រូវនាំគ្នាថែរក្សាសុខភាពឲ្យបានល្អ ចៀសវាងមានជំងឺដំកាត់ផ្សេងៗ បង្កការរំខានដល់ការប្រកបរបរចិញ្ចឹមជីវិត ជាមួយនឹងការប្រកបរបរដោយមានភាពសុចរិត ដើម្បីមានការអាណិតអាសូ ពីអ្នកជិះស៊ីក្លូ ដែលអាចបន្តរកប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់គ្រួសារ ។

សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ក៏បានមានបន្ទួលជំរុញលោកតា លោកអ៊ំ និងលោកពូ ក្នុងនាមជាអ្នកបម្រើសេវាកម្មលើវិស័យទេសចរណ៍ ក៏ត្រូវនាំគ្នាបន្តផ្សព្វផ្សាយពីតំបន់ទេសចរណ៍ នៅក្នុងប្រទេសកម្ពុជាទៅកាន់ភ្ញៀវ ជាពិសេសភ្ញៀវបរទេស ដើម្បីឲ្យពួកគេមានភាពសប្បាយរីករាយ និងចង់ទៅទស្សនា ក៏ដូចជាផ្សព្វផ្សាយទៅជាតិសាសន៍របស់ពួកគេបន្តទៀត ឲ្យមកលេងកម្សាន្តនៅកម្ពុជាកាន់តែច្រើន ។

ក្នុងឱកាសនោះ សម្ដេចព្រះមហាសង្ឃរាជ បានមានបន្ទួលថ្លែងអំណរគុណទៅដល់ម្ចាស់ទេយ្យទាន ដែលបានថ្វាយសម្ដេច ហើយសម្ដេចអាចនាំយកទៅបរិច្ចាកបន្ត ដល់អ្នកមានជីវភាពខ្វះខាត ដូចលោកតា លោកអ៊ំ និងលោកពូជាដើមនោះ ៕