(ភ្នំពេញ)៖ បេសកកម្មរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅក្នុងប្រតិបត្តិការចូលរួមការពារសន្តិសុខរក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ AFC Challenge League 2024/2025 (វគ្គផ្តាច់ព្រ័ត្រ) នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥ ត្រូវបានបញ្ចប់ដោយជោគជ័យ។

ថ្វីត្បិតតែក្រុមព្រះខ័នរាជស្វាយរៀង FC របស់កម្ពុជា បានចាញ់ក្រុម FC Arkadag របស់តួកមេនីស្ថាន ក៏ដោយតែសម្រាប់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញយល់ថា កម្ពុជាបានឈ្នះហើយ ហើយឈ្នះផ្ទួនទៀតផង ទី១៖ ឈ្នះបានទឹកចិត្តមហាជនដែលគាំទ្រក្រុមព្រះខ័នរាជស្វាយរៀង FC ពេញទំហឹងរួមទាំងខ្ញុំដែរ។ ទី២៖ កម្ពុជាឈ្នះបានការរីចម្រើនវិស័យបាល់ទាត់ ឡើងមកដល់វគ្គផ្តាច់ព្រ័ត្ររងជើងឯក ខណៈជួបជាមួយក្រុមដែលមិនធ្លាប់ចាញ់ ក្នុងលទ្ធផលដ៏តានតឹងបំផុតដូចប្រសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ថា ការគាំទ្ររបស់ប្រជាពលរដ្ឋក្នុងការប្រកួត AFC CHALLENGE LEAGUE នឹងកាន់តែជំរុញវិស័យកីឡាបាល់ទាត់កម្ពុជាឱ្យកាន់តែមានការរីកចម្រើនប្រកបដោយសីលធម៌៕