(ឧត្តរមានជ័យ)៖ ​រដ្ឋបាលខេត្តឧត្តរមានជ័យ​ នៅរសៀលថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំពិធីបុណ្យវិសាខបូជា ជាមួយនឹងការដង្ហែក្បួន យ៉ាងអធិកអធម ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ​ទាំង៣ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន និងព្រះសង្ឃ ប្រជាពលរដ្ឋជិត២០០០អង្គ/នាក់ ឆ្ពោះទៅកាន់វត្តប្រាសាទរាជាសំរោង​ ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង។

ពិធីនេះធ្វើឡើងក្រោមវត្តមានលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក មាន ចាន់យ៉ាដា​ អភិបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ តាមមន្ទីរ អង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធ​ទាំង៣​ព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ  សិស្សានុសិស្ស យុវជន ជាច្រើនរូបទៀត។​

ពីធីដង្ហែក្បួនបុណ្យពិសាខបូជា ដែលជាបុណ្យមួយយ៉ាងធំនៅក្នុងព្រះពុទ្ធសាសនា អាចរាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សម្រាប់រឭកដល់ព្រះពុទ្ធសមណគោត្ដម បរមគ្រូជាម្ចាស់ នាថ្ងៃពេញបូណ៌មី គឺថ្ងៃ១៥កើត ខែពិសាខ ដែលពុទ្ធសាសនិកទាំងគ្រហស្ថ និងបព្វជិត តែងធ្វើសក្ការបូជាប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ។

ពីធីដង្ហែបុណ្យពិសាខបូជានេះ ធ្វើឡើងចាប់ផ្ដើមពីចំនុចសាលាខេត្តឧត្ដរមានជ័យ បន្តហែរក្បួនតាមសួនច្បារមាត់បឹងស្នោ នឹងឆ្ពោះចូលទៅកាន់វត្តប្រាសាទរាជាសំរោង។ពិធីនេះមានការចូលរួមយ៉ាងច្រើនកុះកុរពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ព្រះសង្ឃ សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជនកាយរិទ្ធខេត្ត និងបងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា ប្រមាណជាងជិត២,០០០ អង្គ/នាក់ ផងដែរ។

គួរបញ្ជាក់ថា វិស័យព្រះពុទ្ធសាសនានៅកម្ពុជា​ ត្រូវបានរស់រាន និងស្ដារឡើងវិញក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ហើយរហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់តម្លៃខ្ពស់លើការអភិវឌ្ឍន៍វិស័យសាសនា ដែលក្នុងនោះមានទាំងការគោរពសិទ្ធិសេរីភាពខាងជំនឿសាសនា ការលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ៕