(ភ្នំពេញ)៖ លោក សឿង សុធានី ប្រធានសមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅកម្ពុជាទាំងអស់ កុំមានការថ្នាំងថ្នាក់ជាមួយអាជ្ញាធរកម្ពុជា ចំពោះការរឹតបន្តឹងធ្វើអត្តសញ្ញាណបណ្ណ ឬលិខិតស្នាមអត្រានុកូលដ្ឋាន។
បើតាមលោក សឿង សុធានី ក្នុងមួយរយៈពេលចុងក្រោយនេះ អាជ្ញាធរ កម្ពុជា បានរឹតបន្តឹងច្បាប់អន្តោប្រវេសន៍ និងមានការពិនិត្យពិច័យច្បាស់លាស់ចំពោះការធ្វើអត្តសញ្ញាណបណ្ណ និងការធ្វើលិខិតស្នាមអត្រានុកូលដ្ឋាន។ វិធានការនេះ ក៏បានបង្កឱ្យមានផលលំបាកចំពោះប្រជាពលរដ្ឋខ្មែរក្រោមកំពុងរស់នៅកម្ពុជាផងដែរ។
លោក សឿង សុធានី បានបង្ហាញការគាំទ្រចំពោះវិធានការរបស់អាជ្ញាធរកម្ពុជា ដើម្បីបង្ការកុំឱ្យមានជាតិសាសន៍ដទៃបន្លំធ្វើជាពលរដ្ឋខ្មែរក្រោម ដើម្បីទទួលបានអត្តសញ្ញាណបណ្ណ ឬលិខិតស្នាមអត្រានុកូលដ្ឋាននានារស់នៅក្នុងប្រទេសកម្ពុជាស្របច្បាប់។
ដើម្បីសម្រួលដល់ការលំបាកនៅចំពោះមុខវិធានការរឹតបន្តឹងច្បាប់អន្តោប្រវេសន៍នេះ លោក សឿង សុធានី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរក្រោម ដែលជួបការលំបាកនេះទាក់ទងជាមួយសមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា ដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ដើម្បីសមាគមធ្វើការជាមួយអាជ្ញាធរ ក៏ដូចជាជួយផ្ទៀងផ្ទាត់ជាមួយអាជ្ញធារឱ្យបានច្បាស់ពីអត្តសញ្ញាណរបស់ខ្មែរកម្ពុជាក្រោម៕