(ភ្នំពេញ)៖ លោក ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងអំណរគុណសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការផ្ញើលិខិតជូនពរក្នុងឱកាសទទួលគ្រឿង ឥស្សរិយយសដ៏ខ្ពង់ខ្ពស់ពីរដ្ឋាភិបាលជប៉ុន។
លោក ជា សុផារ៉ា បានថ្លែងថា «ខ្ញុំបានទទួលរួចហើយនូវសារលិខិតអបអរសាទរ និងជូនពរចំពោះរូបខ្ញុំបកបដោយអត្ថន័យ ដ៏ពិស្តារបំផុតក្នុងឱកាសដែលខ្ញុំទទួលបានគ្រឿងឥស្សរិយយសថ្នាក់ «Grand Cordon of the Order of the Rising Sun» ពីព្រះចៅអធិរាជជប៉ុន។ ខ្ញុំសូមគោរពថ្លែងអំណរគុណ និងសូមកោតសរសើរដ៏ស្មោះចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ដែលជាឥស្សរជនស្ត្រីខ្មែរមួយរូប ដ៏ឆ្នើមដែលបានយកអស់កម្លាំងកាយ ចិត្ត បញ្ញា និងស្មារតី ដឹកនាំស្ថាប័នរដ្ឋសភាដែលជាស្ថាប័ន កំពូលរបស់ជាតិ ទទួលបានជោគជ័យគួរជាទីមោទនៈ បម្រើដល់ឧត្តមប្រយោជន៍ជាតិ និង ប្រជាជនកម្ពុជាទូទាំងប្រទេស។
ឆ្លៀតក្នុងឱកាសនេះ លោកសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាម ជួយថែរក្សា និងប្រោះព្រំសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ ជូន សម្តេចមហា រដ្ឋសភាធិការធិបតី និងសហការី ព្រមទាំង ក្រុមគ្រួសារ សូមប្រកបដោយពរទាំងឡាយ ប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថាលោក ជា សុផារ៉ា បានទទួលគ្រឿងឥស្សរិយយសថ្នាក់ «Grand Cordon of the Order of the Rising Sun» ជាឥស្សរិយយសកម្រិតខ្ពស់របស់រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥។
ព្រះចៅអធិរាជជប៉ុន បានអញ្ជើញបំពាក់គ្រឿងបំពាក់ដោយផ្ទាល់ ឥស្សរិយយស Grand Cordon of the Order of the Rising ជាឥស្សរិយយសកម្រិតខ្ពស់របស់រដ្ឋាភិបាលជប៉ុន ជូនចំពោះ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលធ្វើឡើងនៅ ព្រះបរមរាជវាំងប្រទេសជប៉ុន។
ការបំពាក់គ្រឿងឥស្សរិយយសជូនចំពោះ លោក ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ពីសំណាក់ព្រះចៅអធិរាជជប៉ុន ក៏ដូចជារដ្ឋាភិបាលជប៉ុន បានបង្ហាញការចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងលើ កកម្ពស់ចំណងមិត្តភាពកម្ពុជា-ជប៉ុន។ ទីស្តីការគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុន បានប្រកាសឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២៥ ផ្តល់ជូនដល់បុគ្គលឆ្នើម ដើម្បីទទួលស្គាល់នូវការចូលរួមចំណែករបស់បុគ្គលទាំងនេះ ក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធិផលដ៏លេចធ្លោរបស់របស់បុគ្គលទាំងនេះក្នុងវិស័យនានាក្នុងសង្គម៕