(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាស​យ៉ាងមហោឡារិកគាំទ្រព្រះរាជសុន្ទរកថាសម្តេចប៉ាប LÉON XIV ដែលបានអំពាវនាវឱ្យពិភពលោក «ប្រកាន់យកសន្តិភាព»។

ការគាំទ្ររបស់សម្តេចតេជោ ហ៊ុន សែន ចំពោះព្រះរាជសុន្ទរកថា «ប្រកាន់យកសន្តិភាព» បានធ្វើឡើងតាមរយៈលិខិតផ្ញើទៅកាន់ដូនជី Raffaella Petrini ប្រធានអភិបាលបុរីវ៉ាទីកង់ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ។

ក្នុងសារលិខិតនេះ សម្តេចតេជោ បានគូសរំលេចថា អស់រយៈពេល​ជិត​បី​ទសវត្សរ៍​មកហើយ ដែលកម្ពុជា បានរស់នៅក្នុងសន្តិភាព និងភាព​រីក​ចម្រើន បន្ទាប់ពីបានទទួលរងការបំផ្លិចបំផ្លាញដោយអំពើអយុត្តិធម៌ និង​អំពើហិង្សា។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ក្នុងសារលិខិតនោះថា ការអំពាវ​នាវរបស់សម្តេចប៉ាប ឱ្យពិភពលោកប្រកាន់យកសន្តិភាព បាន​​រន្ទឺយ៉ាងខ្លាំងក្លានៅក្នុងដួងចិត្តរបស់សហគមកាតុលិកខ្មែរ។

«ក្នុងឋានៈខ្ញុំជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជានិច្ច​កាល ខ្ញុំតែងតែគាំទ្រដល់រាល់ ការខិតខំប្រឹងប្រែងរបស់ប្រជាជាតិ និង​ប្រជាជននានាលើសកលលោក ដើម្បីសន្តិភាព យុត្តិធម៌ និងការ
ផ្សះ​ផ្សាជាតិ»។ នេះជាការបង្ហាញនូវការគាំទ្ររបស់សម្តេចតេជោ លើសារសំខាន់នៃសុខសន្តិភាព៕