(ព្រៃវែង)៖ ថ្លែងក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយកម្មករ កម្មការិនី ជាង ២ ៣០០នាក់ ស្ថិតនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងនូវសារៈសំខាន់ នៃកិច្ចការពារសុខសន្តិភាព ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស រួមទាំងបងប្អូនកម្មករ កម្មការិនី ត្រូវតែបន្តយកចិត្តទុកដាក់ថែរក្សា ដ្បិតសន្តិភាពបានធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើន ក្នុងនោះក៏បង្កលក្ខណៈឱ្យអ្នកវិនិយោគ មកបណ្តាក់ទុន បង្កើតរោងចក្រ សហគ្រាស ដូចដែលបងប្អូនកំពុងបំពេញការងារក្នុងរោងចក្រ នៅស្រុកកំចាយមារ នេះស្រាប់។
ភ្ជាប់នឹងការអបអរសាទរទិវាពលកម្មអន្តរជាតិ លោកអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុករោងចក្រ ដែលមាននៅក្នុងមូលដ្ឋានស្រុកកំចាយមារនេះថា ក៏មិនខុសពីរោងចក្រតាមបណ្តាមូលដ្ឋានផ្សេងៗទូទាំងប្រទេសដែរ គឺអាចដំណើរការទៅបានអាស្រ័យដោយប្រទេសជាតិ មានសុខសន្តិភាព និងមានទំនាក់ទំនងល្អជាមួយបណ្ដាប្រទេស ប្រភពទីផ្សារសម្រាប់ការនាំចេញលទ្ធផលពីរោងចក្រនេះយកទៅលក់។
ក្នុងន័យនេះ លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តបងប្អូនកម្មករ កម្មការិនី ខិតខំបំពេញការងារឱ្យបានសកម្ម គោរពតាមលក្ខខណ្ឌ នៃការអនុវត្តការងារស្របទៅតាមច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមថែរក្សារាល់សម្ភារៈ និងរាល់មធ្យោបាយបម្រើឱ្យការងារក្នុងរោងចក្រ ក្នុងន័យចាត់ទុករោងចក្រ ប្រៀបបាននឹងផ្ទះបាយ ឬឆ្នាំងបាយរបស់ខ្លួន ពោលគឺកម្មករ និងថៅកែ ត្រូវពឹងអាស្រ័យដល់គ្នាទៅវិញទៅមក។
ខណៈបងប្អូនកម្មករ កម្មការិនី ជាអង្គពិធី ភាគច្រើនមានមូលដ្ឋាននៅជុំវិញតំបន់រោងចក្រនេះស្រាប់ លោកអភិសន្តិបណ្ឌិត ស សុខា បានលើកទឹកចិត្តដូចគ្នាឱ្យបងប្អូនកម្មករ កម្មការិនីទាំងអស់ នៅពេលវិលត្រឡប់ទៅផ្ទះវិញ ឬសម្រាប់ការធ្វើដំណើរតាមផ្លូវ ទៅមកធ្វើការ សូមបើកបរដោយការគោរពច្បាប់ មានមួកសុវត្ថិភាពពាក់ជាប្រចាំ ចូលរួមប្រព្រឹត្តនូវសកម្មភាពល្អៗក្នុងសង្គម ទប់ស្កាត់ក្មេងទំនើង និងសហការជាមួយអាជ្ញាធរ អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីបង្កើតភាពសុខដុម និងការអភិវឌ្ឍក្នុងមូលដ្ឋាន។
លោកសង្កត់ធ្ងន់ថា សកម្មភាពរួមចំណែកធ្វើអំពើល្អម្នាក់បន្តិចៗ របស់ប្រជាពលរដ្ឋជារួម និងក្នុងនោះក៏មានបងប្អូនកម្មករ កម្មការិនីដែរនោះ គឺជាការបញ្ជាក់អំពីភាពសុខសាន្តជារួម និងលទ្ធផលដ៏ល្អនៃការប្រព្រឹត្តទៅរបស់សង្គមក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល។
ក្នុងឱកាសនោះដែរ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងលោកជុំទាវ កែ សួនសុភី ស សុខា ក៏បានឧបត្ថម្ភថវិកាជូនដល់កម្មករ កម្មការិនី ចំនួន ២ ២២៣នាក់ ក្នុងម្នាក់ៗថវិកា ចំនួន ៤ម៉ឺនរៀល និងកម្មការិនីមានផ្ទៃពោះ ចំនួន ១០១នាក់ ក្នុងម្នាក់ៗថវិកា ចំនួន ១៤ម៉ឺនរៀលផងដែរ៕