(កំពង់ឆ្នាំង)៖ ករណីអធិករណ៍រវាងប្រជាពុទ្ធបរិស័ទ និងចៅអធិការវត្តទិត្តំរង្សី ហៅវត្តអណ្ដូងប្រេង ស្ថិតក្នុងភូមិជ្រលងកក់ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មិនទាន់ត្រូវបានដោះស្រាយបញ្ចប់នៅឡើយ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីតំណាងប្រជាពុទ្ធបរិស័ទ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។
លោក ឈុំ ឡេង អតីតអនុប្រធានគណៈកម្មការវត្តអណ្ដូងប្រេង បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ថា ករណីអធិករណ៍រវាងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ជាមួយគ្រូចៅអធិការវត្តស្ដីទីកន្លងមក ត្រូវបានប្រជាពុទ្ធបរិស័ទចំណុះជើងវត្តចំនួន១៦៧នាក់ បានផ្ដិតស្នាមមេដៃស្នើសុំកិច្ចអន្តរាគមន៍ពីក្រសួងធម្មការ និងសាសនា តាំងតែពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។
បន្ទាប់មក បានដាក់ពាក្យស្នើសុំអន្តរាគមន៍ទៅក្រសួងអធិការកិច្ច នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី៧-៨-៩ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារក្រសួងធម្មការ និងសាសនា បានចុះធ្វើការសម្របសម្រួល និងដោះស្រាយទៅតាមការស្នើសុំរបស់ប្រជាពុទ្ធបរិស័ទផងដែរ។
លោកបានបន្តឲ្យដឹងទៀតថា ប៉ុន្តែការចុះដោះស្រាយ និងសម្របសម្រួលរបស់ក្រុមការងារក្រសួងធម្មការ និងសាសនា រយៈពេល៣ថ្ងៃកន្លងមកនេះ គឺក្រុមការងារក្រសួង បានកោះហៅតែរូបលោកតែម្នាក់ប៉ុណ្ណោះ ដើម្បីឲ្យចូលរួម ក្នុងការសម្របសម្រួល និងដោះស្រាយ ដោយមិនបានអញ្ជើញ អតីតគណៈកម្មការ និងអាចារ្យទាំង៧រូប ដែលបានផ្ដិតមេដៃជាតំណាងប្រជាពុទ្ធបរិស័ទទាំង១៦៧នាក់ ស្នើសុំកិច្ចអន្តរាគមន៍ទៅក្រសួង ឬក៏អញ្ជើញប្រជាពុទ្ធបរិស័ទ ចូលរួមដោះស្រាយនោះឡើយ។
រីឯកាប្រជុំដោះស្រាយទៀតសោត រយៈពេល៣ថ្ងៃនេះ ក្រុមការងារចុះដោះស្រាយបានលើកយកតែបញ្ហាប្រាក់ជំពាក់ថ្លៃជាង និងលើកយករឿងផ្សេងៗមកធ្វើជារបៀបវិរៈ ក្នុងការដោះស្រាយទៅវិញ ដោយមិនបានលើក យកបញ្ហាអធិករណ៍រវាងប្រជាពុទ្ធបរិស័ទជាមួយគ្រូចៅអធិការវត្តស្ដីទី មកធ្វើការប្រជុំដោះស្រាយតាមការស្នើសុំរបស់ប្រជាពុទ្ធបរិស័ទនោះឡើយ។ ទើបលទ្ធផលនៃការប្រជុំដោះស្រាយខាងលើពុំទទួលបានលទ្ធផល។
ជាចុងក្រោយទាំងអតីតគណៈកម្មការអាចារ្យ តំណាងឲ្យប្រជាពុទ្ធបរិស័ទ និងប្រជាពុទ្ធបរិស័ទ ដែលកើតមានអធិករណ៍ជាមួយព្រះគ្រូចៅអធិការវត្តស្ដីទី សូមគោរពស្នើសុំដល់ថ្នាក់ដឹកនាំ ពិសេសគោរពស្នើសុំសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍ និងសម្របសម្រួលអធិករណ៍ដ៏រាំរ៉ៃជាយូរមកហើយឱ្យបានសមស្រប ដែលអាចពួកគាត់ទទួលយកបាន ដើម្បីជាការបង្រួបបង្រួម និងសាមគ្គីគ្នាឲ្យដូចពីដើមឡើងវិញ ដើម្បីចាប់ដៃគ្នាកសាងទីអារាម ឲ្យមានការរីកច ម្រើនសម្រាប់ព្រះពុទ្ធសាសនា។
លោក ម៉ី ផល្លី អភិបាលរងស្រុករលាកប្អៀរ ទទួលការងារសាសនា បានបញ្ជាក់ឱ្យដឹងថា ការចុះដោះស្រាយរបស់ក្រសួងធម្មការ និងសាសនា ពាក់ព័ន្ធនឹងរឿងអធិករណ៍រវាងប្រជាពុទ្ធបរិស័ទ និងព្រះអង្គចៅអធិការវត្តស្ដីទី ទិត្តំរង្សី ហៅវត្តអណ្ដូងប្រេង រយៈពេល៣ថ្ងៃខាងលើនេះ គឺមិនទាន់ត្រូវបានបញ្ចប់នៅឡើយ ដោយសារតែភាគីតំណាងប្រជាពុទ្ធបរិស័ទលោក ឈុំ ឡេង មិនអាចទទួលយកបាន។
ដោយឡែកលោក សរ លៀង ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ថា ការដោះស្រាយអធិករណ៍នៅវត្តទិត្តំរង្សី ហៅវត្តអណ្ដូងប្រេង ស្ថិតក្នុងភូមិជ្រលងកក់ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ដែលក្រុមការងារក្រសួងធម្មការ និងសាសនា ចុះមកដោះស្រាយរយៈពេល ៣ថ្ងៃកន្លងមកនេះ មិនទាន់ត្រូវបានដោះស្រាយបញ្ចប់នៅឡើយ នោះទេដោយរង់ចាំគោលការរបស់ក្រសួងជាបន្តទៀត។
សូមបញ្ជាក់ថា ករណីពាក្យស្នើសុំអន្តរាគមន៍របស់អតីតប្រធានអនុប្រធានគណៈកម្មការអាចារ្យវត្តទិត្តំង្សី ហៅវត្តអណ្ដូងប្រេង ជាតំណាងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត១៦៧នាក់ ដែលបានផ្ដិតមេដៃស្នើសុំកិច្ចអន្តរាគមន៍ ជួយដោះស្រាយអធិករណ៍ទៅក្រសួងអធិការកិច្ច កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវបានក្រសួងអធិការកិច្ចបញ្ជូនសំណុំរឿងនេះ ជូនរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាពិនិត្យដោះស្រាយ និងស្នើសុំរបាយការណ៍ ស្ដីពីលទ្ធផលនៃការដោះស្រាយ ដើម្បីក្រសួងអធិការកិច្ចមានមូលដ្ឋានគោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលផងដែរ៕