(ក្រចេះ)៖ រថយន្តសាំងយ៉ុងកែច្នៃដឹកឈើមួយគ្រឿង ក្រឡាប់នៅក្បែរស្នាក់ការរបស់មន្ត្រីរដ្ឋបាលព្រៃឈើថ្មគ្រែ ស្ថិតនៅចំណុចឥន្ទ្រីក្រហម ភូមិដីសម្បទានសង្គមកិច្ច កាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នៅយប់ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បង្កឡើងដោយខ្លួនឯង។
ប្រភពព័ត៌មានពីមូលដ្ឋាន បានឲ្យដឹងថា រថយន្តដឹកឈើខាងលើតែងតែធ្វើសកម្មភាពដឹកជញ្ជូនឈើអារចេញពីតំបន់ភូមិសាស្ត្រ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះនាំយកទៅ លក់នៅតាមដេប៉ូ ចំណុចភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ និងស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។
រថយន្តក្រុមឈ្មួញខាងលើនៅពេលធ្វើសកម្មភាពម្តងៗ បើកបរប្រើប្រាស់ល្បឿនលឿន ហើយកើតមានករណីក្រឡាប់រថយន្តជាញឹកញ៉ាប់ សមត្ថកិច្ចមិនមានចំណាត់ផ្លូវច្បាប់នោះឡើយ ហើយនៅយប់កើតហេតុរថយន្តក្រឡាប់នោះ មានផ្ទុកឈើអារ ប្រភេទឈើ សសរ ក្តា ជាច្រើនសន្លឹក។ នៅពេលក្រឡាប់ភ្លាមៗ ក្រុមឈ្មួញបាននាំគ្នារើឈើផ្ញើផ្ទះអ្នកភូមិ ហើយយករថយន្តដឹកឈើក្រឡាប់នោះ យកទៅទុកនៅក្បែរផ្ទះពលរដ្ឋផ្សេងទៀត។
ក្រោយកើតហេតុ គេបានរាយការណ៍មន្ត្រីជំនាញរដ្ឋបាលព្រៃឈើដែលនៅក្បែរនោះ ទើបសមត្ថកិច្ចជំនាញសម្រេចរឹបអូសនាំយករថយន្តសាំងយ៉ុង និងវត្ថុតាំងបទល្មើសព្រៃឈើទាំងនោះ ទៅរក្សាទុក ដើម្បីកសាងសំណុំរឿងបន្តនីតិវិធីច្បាប់ ស្ដីពីព្រៃឈើ រងចាំធ្វើកាវ៉ាស់វែងពេលក្រោយ៕