(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃការងារសាងសង់ «សួនតេជោសន្តិភាព» ស្ថិតនៅតំបន់ទេសចរណ៍ ទំបន់៩៥ ជើងភ្នំត្បែង ក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។
ការចុះពិនិត្យនាពេលនោះ គឺក្នុងគោលបំណងត្រួតពិនិត្យ និងតាមដានអភិវឌ្ឍន៍ការងារដែលកំពុងអនុវត្ត ដើម្បីធានាឲ្យការអភិវឌ្ឍន៍ប្រកបដោយគុណភាព ស្តង់ដារ និងឆ្លុះបញ្ចាំងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងបរិស្ថាន នៅក្នុងខេត្តព្រះវិហារ។
លោក គីម រិទ្ធី បានថ្លែងណែនាំស្ថាប័នពាក់ព័ន្ធ និងក្រុមការងារត្រូវបន្តពង្រឹងការងារ ដោយយកចិត្តទុកដាក់លើសុវត្ថិភាព សោភ័ណភាព និងភាពច្នៃប្រឌិតក្នុងការកសាង ដើម្បីឱ្យ «សួនតេជោសន្តិភាព» ទទួលបាននូវការទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងតំបន់។
សូមបញ្ជាក់ថា គម្រោងសាងសង់ «សួនតេជោសន្តិភាព» នៅរមណីយដ្ឋានទេសចរណ៍ទំនប់៩៥ ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់សាធារណជន និងសហគមន៍មូលដ្ឋាន ដោយសង្ឃឹមថា «សួនតេជោសន្តិភាព» នឹងជួយអភិវឌ្ឍសេដ្ឋកិច្ច ការរស់នៅ និងលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងខេត្តព្រះវិហារ ឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត៕