(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) ដឹកនាំដោយលោក Barros Figueira Miguel ប្រធានសមាគម ATIC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងជំនួបនោះ លោកប្រធានសមាគម បានគោរពថ្លែងអំណរគុណ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូសមាគមចូលជួបសម្ដែងការគួរសម។ លោកប្រធានសមាគមបានគោរពរាយការណ៍ដោយសង្ខេបជូនសម្ដេចមហាបវរធិបតី អំពីស្ថានភាព និងសកម្មភាពការងាររបស់សមាគមផងដែរ។
លោកប្រធានសមាគម បានបញ្ជាក់ថា សមាគមបានចូលរួមចំណែកបង្កើតការងារក្នុងស្រុកបានជាង ៤,៥០០កន្លែង និង រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជាផងដែរ។ លោកប្រធានសមាគមបានបន្តថា សមាគមក៏បានចូលរួមចំណែកក្នុងការងារសង្គមជាច្រេីនដូចជាការផ្តល់ឧបករណ៍ទឹកស្អាត, ការផ្ដល់កុំព្យូទ័រ, សម្ភារបរិក្ខារ និង ការជួយដល់សហគមន៍ជាដើម។
លោកប្រធានសមាគមក៏បានគូសបញ្ជាក់ពីការគាំទ្រនូវរាល់គំនិតផ្ដួចផ្ដើមដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងបានបង្ហាញបំណងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលិតផលថ្នាំជក់ និងបារី ដល់ប្រជាពលរដ្ឋ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការនាំចូលផលិតផលថ្នាំជក់ និងបារីខុសច្បាប់ ព្រមទាំងការដាក់ចេញវិធានការនានា ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន។
សម្ដេចមហាបវរធិបតី ក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ដោយបច្ចុប្បន្នក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា បាននិងកំពុងពិនិត្យយន្តការនានា ដើម្បីធានាតុល្យភាពរវាងការដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន និងការលេីកកម្ពស់សុខភាពសាធារណៈ ជូនប្រជាពលរដ្ឋ។ សម្ដេចប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា រាជរដ្ឋាភិបាលបានផ្ដោតការយកចិត្តទុកដាក់លើការលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃផលិតផលថ្នាំជក់ និងបារី និងបានជំរុញការត្រួតពិនិត្យការចែកចាយផលិតផលថ្នាំជក់ និងបារីខុសច្បាប់ ដើម្បីធានាឱ្យមានការចរាចរ និងចែកចាយផលិតផលដោយអនុលោមតាមច្បាប់។
ក្នុងជំនួបនោះ សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់សាជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនអនុញ្ញាតឱ្យមានការវិនិយោគលេីការផលិតបារីអេឡិចត្រូនិក (e-cigarettes) នៅកម្ពុជានោះទេ៕