(ហ៊ូណាន, ចិន)៖ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា និងជាទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កំពុងផ្សព្វផ្សាយសក្តានុពលវិនិយោគនៅកម្ពុជា ទៅកាន់បណ្តាអ្នកវិនិយោគក្នុងខេត្តហ៊ូណាន ប្រទេសចិន។
ការទាក់ទាញវិនិយោគបរទេសចូលមកកម្ពុជា គឺជាគោលនយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាល។ ក្នុងនីតិកាលថ្មីនេះ ទាំងសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា, សមាជិករាជរដ្ឋាភិបាល ក៏ដូចជាវិស័យឯក បានរួបរួមពួតដៃគ្នា ហើយធ្វើសកម្មភាពតាមមុខព្រួញរៀងៗខ្លួន ដើម្បីផ្សព្វផ្សាយសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាបញ្ចុះបញ្ចូលអ្នកវិនិយោគបរទេសឱ្យចូលមកវិនិយោគនៅកម្ពុជា។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា ក្រៅពីការអញ្ជើញធ្វើដំណើរអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញទៅក្រៅប្រទេសជារឿយៗហើយនោះ លោកក៏តែងនាំដឹកនាំសមាជិកក្នុងសមាគមរបស់លោកចេញទៅផ្សព្វផ្សាយការវិនិយោគនៅប្រទេសចិន ជាញឹកញាប់ផងដែរ។
នៅដើមខែឧសភា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា លី ឃុនថៃ បានដឹកនាំអ្នកវិនិយោគរបស់កម្ពុជាមួយក្រុមទៀត ចេញទៅកាន់ខេត្តហ៊ូណាន ប្រទេសចិន ដើម្បីផ្សព្វផ្សាយពីការវិនិយោគនៅកម្ពុជា។ ក្នុងដំណើរផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគនេះ អ្នកឧកញ៉ា លី ឃុនថៃ បានចុះទៅតាមក្រុងនានា ដោយបានចុះទស្សនកិច្ចផ្ទាល់នៅតាមក្រុមហ៊ុននានារបស់ចិន ព្រមទាំងរៀបចំសិក្ខាសាលា និងជំនួបជាមួយអ្នកវិនិយោគរបស់ចិនជាដើម។
ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ អ្នកឧកញ៉ា លី ឃុនថៃ បានរៀបចំសិក្ខាសាលាមួយនៅទីក្រុងឆាំងសា ខេត្តហ៊ូណាន ប្រទេសចិន ដើម្បីផ្សព្វផ្សាយពីសក្តានុពលនៃការវិនិយោគនៅកម្ពុជា។
ក្នុងពិធីនោះ មានការអញ្ជើញចូលរួមពីសំណាក់លោក វណ្ណ វិទ្យា អគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងឆុងឆីង និងអ្នកវិនិយោគមកពីបណ្តាក្រុមហ៊ុនធំៗរបស់ចិនប្រចាំខេត្តហ៊ូណានចំនួន៨០ក្រុមហ៊ុនផងដែរ។ ក្រុមហ៊ុនទាំង៨០នោះ រួមមានក្រុមហ៊ុនវិស័យកសិកម្ម, ក្រុមហ៊ុនផលិតរថយន្ត, ក្រុមហ៊ុនផលិតផលចំណីអាហារ, ក្រុមហ៊ុនអគ្គិសនី, រោងចក្រផលិតផលិតផលធ្វើដំណើរ និងវ៉ាលី និងរោងចក្រផលិតចំណីអាហារជាដើម។
ក្នុងពិធីនោះ លោក វណ្ណ វិទ្យា បានលើកបង្ហាញពីគោលនយោបាយពាក់ព័ន្ធការវិនិយោគរបស់រាជរដ្ឋាភិបាល ដែលមានការអនុគ្រោះ និងភាពបត់បែនច្រើន។ ជាពិសេសនោះ គឺការលើកទឹកចិត្ត និងការផ្តល់កិច្ចគាំពារខ្ពស់របស់រាជរដ្ឋាភិបាលទៅកាន់រាល់អ្នកវិនិយោគនៅកម្ពុជា។
ក្នុងនាមជាអ្នកវិនិយោគមួយរូបនៅកម្ពុជា អ្នកឧកញ៉ា លី ឃុនថៃ ក៏បានគូសរំលេចបន្ថែមពីបរិយាកាស និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា ដូចជាទីផ្សារធំទូលាយ កម្លាំងពលកម្មវ័យក្មេងជាមួយប្រាក់ឈ្នួលសមរម្យ បណ្តាញដឹកជញ្ជូនត្រូវបានលើកម្ពស់ និងតភ្ជាប់ប្រទាក់ក្រឡាគ្នា។ ជាពិសេសរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់កិច្ចគាំពារខ្ពស់ចំពោះអ្នកវិនិយោគ។
អ្នកឧកញ៉ា លី ឃុនថៃ បានទទូចឱ្យអ្នកវិនិយោគរបស់ចិនក្នុងហ៊ូណាន ចាប់ឱកាសវិនិយោគនៅកម្ពុជា ដោយលោកបានធានាអះអាងថា ក្រុមហ៊ុននឹងទទួលបានការរីកចម្រើនជាមួយការវិនិយោគនៅកម្ពុជា។
ក្រុមអ្នកវិនិយោគរបស់ចិន ដែលបានចូលរួមក្នុងកម្មវិធី ក្រោយស្តាប់ការបង្ហាញនូវទិដ្ឋភាពនានាពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជាហើយនោះ ពួកគេបានសម្តែងការចាប់អារម្មណ៍ ព្រមទាំងប្រកាសរកពេលវេលាចុះមកពិនិត្យ និងសិក្សាដោយផ្ទាល់នៅលើទឹកដីកម្ពុជា៕