(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បាន​បញ្ជាក់បន្ថែម​ជុំវិញកាលបរិច្ឆេទនៃការផ្ទេរ បិទ និងការបើកឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ខាងមុននេះ ​គឺអាស្រ័យលើលទ្ធផល នៃការពិនិត្យវាយតម្លៃ និងការធ្វើសវនកម្មលើកទី២ ដែលគ្រោងប្រព្រឹត្តទៅនៅចុងខែឧសភា ឬខែមិថុនាខាងមុខនេះ។

លោកបានគូសបញ្ជាក់ថា ចំពោះគម្រោងបើកដំណើរ នៅថ្ងៃទី១០ ខែកក្កដា គឺគ្រាន់តែជាផែនការ ដែលបានគ្រោង និងរំពឹងទុក ដែលបានព្រមព្រៀងគ្នាជាមួយតួអង្គ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធនាពេលកន្លងមក (ជាអាទិ៍ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋាន (ACIC)និង ប្រតិបត្តិករសំខាន់ៗពាក់ព័ន្ធផ្សេងៗ)។ ​ចំពោះកាលបរិច្ឆេទចុងក្រោយនៃការផ្ទេរ បិទ និងការបើកឱ្យដំណើរការអាកាសយានដ្ឋានថ្មីនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងធ្វើការជូនដំណឹងជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ។

លោក ស៊ីន ចាន់សិរីវុត្ថា បញ្ជាក់ថា «​បើគ្មានអ្វីប្រែប្រួលនោះទេ អាកាសយានដ្ឋានអន្ដរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ នឹងបើកដំណើរការប្រតិបត្តិការ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ខណៈវឌ្ឍនភាពគម្រោងនៃការសាងសង់អាកាសយានដ្ឋាននាពេលនេះ ស្ទើរតែរួចរាល់ទាំងស្រុងហើយ»

សូមជម្រាបបន្ថែមថា អាកាសយានដ្ឋានអន្ដរជាតិតេជោមានលក្ខណះទំនើប និងលម្ហធំទូលាយ ដែលសាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា អាចអនុញ្ញាតឱ្យយន្តហោះខ្នាតធំចុះចតបាន ក្នុងនោះមានយន្តហោះប្រភេទ Airbus A380 និង Boeing 747 និងដែលអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ សម្រាប់ដំណាក់កាលទី១៕