(ភ្នំពេញ)៖ លោក អាគីរ៉ា ដូដាតេ (Akira DODATE) នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន បានបង្ហាញការចាប់អារម្មណ៍ខ្ពស់លើវិស័យកសិកម្មនៅកម្ពុជា។ ជាពិសេសកសិកម្មផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យា ដែលលោកអនុវត្តបានជោគជ័យនៅក្នុងប្រទេសជប៉ុន។
លោក អាគីរ៉ា ដូដាតេ បានដឹកនាំក្រុមការងាររបស់លោកមួយក្រុមបំពេញទស្សនកិច្ចនៅកម្ពុជាសិក្សាពីឱកាស និងសក្តានុពលវិនិយោគនៅកម្ពុជា។ ដំណើររបស់លោក អាគីរ៉ា ដូដាតេ មកកាន់ប្រទេសកម្ពុជានាពេលនេះ តាមរយៈការណែនាំរបស់លោក ហៃ វណ្ណា ដែលជាអតីតយុវជនរបស់អ្នកនយោបាយប្រឆាំងនៅក្នុងប្រទេសជប៉ុន។ ពេលនៅជាយុវជនរបស់អ្នកនយោបាយ លោក ហៃ វណ្ណា តែងតែរិះគន់ និងចាប់កំហុសរបស់រាជរដ្ឋាភិបាលជាប់ជានិច្ច។
ក្រោយផ្តាច់ខ្លួនពីក្រុមអ្នកនយោបាយប្រឆាំង លោក ហៃ វណ្ណា ក៏ងាកមកជួយកម្ពុជា តាមរយៈការកៀរគរអ្នកវិនិយោគមកកាន់ប្រទេសប្រទេសកម្ពុជា។
អ្នកវិនិយោគមកពីប្រទេសជប៉ុនមួយក្រុមនេះ ក៏ទទួលបានការអនុញ្ញាត ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនោះ សម្ដេចតេជោ បានបង្ហាញក្ដីរីករាយ និងស្វាគមន៍ចំពោះលោក អាគីរ៉ា ដូដាតេ និងគណៈប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជានាពេលនេះ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណប្រតិភូជប៉ុន ដែលបានចាប់អារម្មណ៍ចំពោះការវិនិយោគ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅក្នុងវិស័យកសិកម្ម។ សម្ដេចតេជោ រំពឹងថា តាមរយៈដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានាពេលនេះនឹងជាផ្នែកមួយដ៏សំខាន់ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងស្វែងរកឱកាសវិនិយោគ ក្នុងប្រទេសកម្ពុជាដើម្បីទាញយកនូវផលប្រយោជន៍ តាមរយៈការវិនិយោគក្នុងវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជាឱ្យអស់ពីសក្ដានុពល។
ក្នុងឱកាសនោះ លោក អាគីរ៉ា ដូដាតេ នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន បានសម្ដែងការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និងប្រតិភូជួបសម្ដែងការគួរសមក្នុងពេលនេះ ហើយលោកបានចាប់អារម្មណ៍ទៅលើវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនោះលោកបានរំលេចអំពីសក្ដានុពលកសិកម្មនៅក្នុងប្រទេសជប៉ុន ដែលកម្ពុជាអាចធ្វើកិច្ចសហប្រតិបត្តិការ និងអាចរៀនសូត្របាន។
លោកបានលើកឡើងថា ជប៉ុនបានធ្វើកសិកម្មតាមបែបឆ្លាតវៃ ពោលគឺធ្វើកសិកម្មពឹងផ្អែកទៅលើបច្ចេកវិទ្យា។ ចំណុចនេះ លោកសង្ឃឹមថា តាមរយៈក្រុមហ៊ុនលោកនឹងអាចជួយសម្របសម្រួល ក្នុងការបណ្ដុះធនធានមនុស្សកម្ពុជាបន្ថែមទៀតពីវិស័យកសិកម្មឆ្លាតវៃរបស់ជប៉ុនមកដល់កម្ពុជា។
លោកសង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការនាពេលខាងមុខ នឹងអាចមានដំណើរទស្សនកិច្ចពីមន្រ្ដីកម្ពុជា ទៅកាន់ប្រទេសជប៉ុនដើម្បីស្វែងយល់អំពីទិដ្ឋភាពនៃវិស័យកសិកម្មក្នុងប្រទេសជប៉ុន ហើយយកមកអនុវត្តនៅក្នុងប្រទេសកម្ពុជា។ ក្នុងឱកាសនោះ លោក អាគីរ៉ា ដូដាតេ បានស្នើសុំការចង្អុលបង្ហាញពីសម្ដេចតេជោ អំពីឱកាសក្នុងការវិនិយោគនៅប្រទេសកម្ពុជាផងដែរ។
សម្ដេចតជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជម្រាបទៅប្រតិភូជប៉ុនពីវិស័យកសិកម្មនៅកម្ពុជា ចាប់ពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ សម្ដេចតេជោ បានលើកឡើងថា កម្ពុជាកាលពីអតីតកាលវិស័យកសិកម្មមានភាពអន់ថយ ហើយពីមុនកម្ពុជាក៏ខ្វះស្បៀងផងដែរ។ ការផលិតរបស់កម្ពុជាត្រឹមសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកតែប៉ុណ្ណោះ ប៉ុន្ដែក្រោយពីមានការធ្វើកំណែទម្រង់ជាបន្តបន្ទាប់ តាំងពីពេលសម្ដេចនៅជានាយករដ្ឋមន្ត្រីនោះ កម្ពុជាបានប្រែខ្លួនពីប្រទេសខ្វះស្បៀង ផលិតស្បៀងសម្រាប់តែផ្គត់ផ្គង់ក្នុងប្រទេស ក្លាយជាប្រទេសមានស្បៀងបបូរ និងអាចនាំចេញទៅក្រៅប្រទេសថែមទៀត។
ទន្ទឹមនឹងនេះ សម្ដេចតជោ បានលើកឡើងថា ចំណុចខ្វះខាតដែលកម្ពុជាត្រូវតែបំពេញ និងអភិវឌ្ឍបន្ថែម គឺការកែច្នៃ។ បច្ចុប្បន្នដោយសារការផលិតក្នុងប្រទេសកម្ពុជា មានការកើនឡើងច្រើន កម្ពុជាបាននាំចេញផលិតផលកសិកម្មដែលជាវត្ថុធាតុដើមទៅលក់នៅក្រៅប្រទេសធ្វើឱ្យកម្ពុជាខាតបង់ផលប្រយោជន៍។
សម្ដេចតេជោរំលេចថា បើក្រុមហ៊ុនជប៉ុនចាប់អារម្មណ៍វិនិយោគបន្ថែមលើកសិឧស្សាហកម្ម ពោលគឺការកែច្នៃវត្ថុធាតុដើមនៅក្នុងប្រទេសកម្ពុជាសម្រាប់នាំចេញនោះ គឺជាចំណុចខ្លាំងមួយដែលអាចអនុញ្ញាតឱ្យកម្ពុជាពង្រីកខ្លួននៅក្នុងការនាំចេញផលិតផល និងទាញយកផលចំណេញបានច្រើន ដើម្បីជួយដល់សេដ្ឋកិច្ចជាតិ។
សម្ដេចតេជោ ហ៊ុន សែន លើកជាឧទាហរណ៍ដូចជាដំណាំស្រូវ និងស្វាយចន្ទី ដែលជាដំណាំសក្ដានុពលរបស់កម្ពុជា ប៉ុន្ដែកម្ពុជាបាននាំវត្ថុធាតុដើមចេញទៅលក់នៅក្រៅប្រទេស ដោយកង្វះខាតនូវការវិនិយោគលើការកែច្នៃនៅក្នុងប្រទេសដើម្បីនាំចេញដោយខ្លួនឯង។ ដូច្នេះសម្ដេចចង់ឱ្យអ្នកវិនិយោគជប៉ុន ចាប់អារម្មណ៍លើវិស័យកសិឧស្សាហកម្មនៅកម្ពុជា ឱ្យមានការកើនឡើង។
សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ការងារបច្ចេកទេសបន្ថែម ភាគីជប៉ុន និងរាជរដ្ឋាភិបាល ជាពិសេសខាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាស្ថាប័នជំនាញក្នុងវិស័យនេះដើម្បីធ្វើកិច្ចសហការជាមួយគ្នា។
លោក អាគីរ៉ា ដូដាតេ នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន បានបង្ហាញការចាប់អារម្មណ៍ ចំពោះអ្វីដែលសម្តេចតេជោ បានលើកឡើង។ លោកលើកឡើងថា តាមរយៈដំណើរមកកាន់ប្រទេសកម្ពុជា ភាគីក្រុមហ៊ុនរបស់លោកនឹងសិក្សាបន្ថែម ហើយជជែកជាមួយរាជរដ្ឋាភិបាលថា តើក្រុមហ៊ុនរបស់លោកអាចនឹងវិនិយោគទៅលើវិស័យអ្វី? ផលិតកម្មអ្វី? សម្រាប់វិស័យកសិកម្មនេះ។ លោកក៏បានសន្យាជួយជំរុញវិនិយោគិនជប៉ុន ឱ្យមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ជាពិសេសនៅក្នុងវិស័យកសិកម្មនេះឱ្យបានច្រើន៕