(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានតែងអត្ថបទកំណាព្យខ្លីមួយដើម្បីឆ្លុះបញ្ចាំងនូវស្នាដៃ គុណបំណាច់ និងវីរភាពដ៏អស្ចារ្យរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះជាតិ និងប្រជាជន។
ខាងក្រោមនេះ ជាខ្លឹមសារកំណាព្យខ្លីដែលតែងដោយ នាយឧត្តមសេនីយ៍ ស ថេត៖
១៖ ឆន្ទៈមោះមុត យុទ្ធជនក្លាហាន វាយខ្មាំងសាមាន្យ តិរច្ឆានអប្រិយ
ដៃកាន់អាវុធ ប្រយុទ្ធយកជ័យ តស៊ូដើម្បី ជាតិនិងប្រជា។
២៖ តស៊ូកាត់គ្រាប់ នាំទ័ពចេញច្បាំង កសាងកម្លាំង ខ្លាំងនៅបូព៌ា
ស្ម័គ្របម្រើជាតិ ស៊ូឃ្លាតភរិយា រណសិរ្សយោធា រំដោះទឹកដី។
៣៖ ស៊ូយកជីវិត ធ្វើជាដើមទុន វីរយុទ្ធជន មានបុណ្យបារមី
ជាតិយើងបានរស់ ផុតគ្រោះអវីចី ដោយសារស្នាដៃ តេជោកូនខ្មែរ។
៤៖ សាងសន្តិភាព និងអភិវឌ្ឍន៍ ចារក្នុងប្រវត្តិ ប្រាកដឥតប្រែ
មរតកតេជោ វីរជនខ្មែរ ដែលយើងត្រូវថែ រក្សាឲ្យបាន។
៥៖ បញ្ចប់សង្គ្រាម ឧទ្ទាមទ័ពព្រៃ ឯកភាពទឹកដី ជួបក្តីសុខសាន្ត
នយោបាយឈ្នះឈ្នះ នាំស្រុកសាន្តត្រាណ តេជោធ្វើបាន ថ្កើងថ្កានជាតិខ្មែរ៕