(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញមកអំពាវនាវជាថ្មីម្ដងទៀត ដល់ប្រជាពលរដ្ឋដើម្បីទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពិសេសអ្នកដែលមិនទាន់បានចាក់សោះ និងអ្នកដែលត្រូវចាក់ដូសជំរុញ ដើម្បីបង្ការពីការវិវត្តន៍ធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ បំប្លែងថ្មី JN.1 ដែលកំពុងងើបឡើងវិញនៅតាមបណ្ដាប្រទេសមួយចំនួន ក្នុងនោះកម្ពុជាក៏ទើបរកឃើញកន្លងទៅនេះ។
តាមរយៈបណ្ដាញព័ត៌មាន Fresh News មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានអះអាងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលធ្លាប់ប្រើប្រាស់កន្លងទៅ នៅពេលដែលកំពុងរងនូវការវាយប្រហារដោយជំងឺកូវីដ១៩ នៅតែជាយន្ដការដ៏មានប្រសិទ្ធភាពខ្ពស់ ក្នុងការបង្ការ ទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ។ មន្ដ្រីដដែលសង្កត់ធ្ងន់ថា វីរុសបំប្លែងខ្លួនថ្មី JN.1 មានចរិកកាចសាហាវ និងងាយចម្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់។
ក្រៅពីការបង្ការតាមរយៈវិធីសាស្ដ្រចាស់ «៣ការពារ និង៣កុំ» ហើយនោះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាចជួយដល់បុគ្គលម្នាក់ៗ នៅពេលឆ្លងជំងឺនេះកុំឲ្យវិវឌ្ឍន៍ទៅស្ថានភាពធ្ងន់ធ្ងរបាន ពិសេសចាស់ជរា។ ផ្អែកតាមការវាយតម្លៃស្រាវជ្រាវ និងបទពិសោធន៍នៅតាមបណ្ដាប្រទេសនានា ពិសេសប្រទេសនៅក្បែរកម្ពុជា អ្នកដែលឆ្លងជំងឺកូវីដ១៩ ប្រភេទ JN.1 គឺមានស្ថានភាពធ្ងន់ធ្ងរជាងប្រភេទមុនៗទៅទៀត។ នេះបើតាមមន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានចេញមកអះអាងថា ពពួកអូមីក្រុងដែលបានបំប្លែងខ្លួនជាបន្តបន្ទាប់ ជាពិសេសពពួកអូមីក្រុងបំប្លែងថ្មីប្រភេទជេអ៊ិន១ (JN.1) ដែលរកឃើញដំបូងក្នុងខែសីហា ឆ្នាំ២០២៣ ហើយបានក្លាយរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក។ បច្ចុប្បន្នអង្គការសុខភាពពិភពលោក បានចាត់ថ្នាក់ថាជា វីរុសស្ថិតក្នុងវ៉ារ្យង់ចំណាប់អារម្មណ៍ ដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័ស និងលក្ខណៈជីវសាស្ត្ររបស់វា។
ត្រឹមពាក់កណ្ដាលខែមីនា ឆ្នាំ២០២៥ អូមីក្រុងបំប្លែងថ្មីប្រភេទជេអិន១ (JN.1) ត្រូវបានរកឃើញមានជាង១៥ភាគរយនៃករណីជំងឺកូវីដ១៩ ដែលបានរកឃើញនៅទូទាំងពិភពលោក។ ចំពោះ អ្នកឆ្លងអូមីក្រុងបំប្លែងថ្មីជេអិន១ (JN.1) នេះ គឺមានរោគសញ្ញាមិនខុសប្លែកគ្នាពី ប្រភេទកូវីដ១៩ជំនាន់មុនៗនោះទេ។ រោគសញ្ញាមានដូចជា គ្រុនក្តៅ ក្អកស្ងួត ឈឺបំពង់ក ហៀរសំបោរ ចង្អោរ និងក្អួត មានភាពស្រដៀងទៅ នឹងជំងឺផ្តាសាយធម្មតា។
JN.1 បង្ហាញពីលទ្ធភាពឆ្លងកាន់តែខ្ពស់ ឆ្លងលឿន និងអាចបញ្ជ្រាបចូលប្រព័ន្ធភាពស៊ាំរបស់មនុស្សកាន់តែខ្លាំង ដោយសារការផ្លាស់ប្តូរនៅក្នុងប្រូតេអីន បង្គោល របស់វីរុស(mutations in the spike protein)។ ថ្វីត្បិតតែជេអ៊ុន១ (JN.1) មានហានិភ័យសុខភាព សាធារណៈជាសកលនៅមានកម្រិតទាប ការបន្តការប្រុងប្រយ័ត្ន គឺចាំបាច់ ជាពិសេសចំពោះបុគ្គលដែលមាន ហានិភ័យខ្ពស់នៃការចម្លងជំងឺរួមមាន អ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ ជំងឺរ៉ាំរ៉ៃប្រចាំកាយ ទឹកនោមផ្អែម លើសឈាម ជនចាស់ជរា ស្ត្រីមានផ្ទៃពោះ ជាដើម។
នៅកម្ពុជា ត្រូវបានរកឃើញការឆ្លងជំងឺកូវីដ១៩ ប្រភេទ JN.1 ទៅលើតារាចម្រៀង ខេម កាលពីថ្ងៃទី១៣ ខែឧសភាម្សិលមិញ។ រំលងបានមួយថ្ងៃក្រោយដឹងថា ខ្លួនបានឆ្លងជំងឺកូវីដ១៩ ប្រភេទថ្មីនេះ លោក ខេម នៅថ្ងៃទី១៤ ខែឧសភានេះ បានអះអាងថា ស្ថានភាពជំងឺរបស់ខ្លួនហាក់មានភាពធ្ងន់ធ្ងរ បើធៀបនឹងអ្វីដែលធ្លាប់ឆ្លងកាលពីពេលមុននោះ៕