(មណ្ឌលគិរី)៖ ​ប្រជាពលរដ្ឋាជាច្រើននាក់ កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បាន​ប្រមូលផ្តុំ​គ្នា​នៅ​​សាលាឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ដើម្បី​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ដើម្បីអអនុញ្ញាតឲ្យពួកគាត់អាចបន្តរបរ​រែង​កាក​សំណល់​ដី​រ៉ែ​ចាស់​ៗ​សេសសល់​ និង​ដី​ដែល​សល់​ពី​សហគមន៍​រ៉ែ​មាស​ចាស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

តំណាង​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ពូ​ទុង បាន​និយាយ​ថា គាត់​បាន​ទៅ​រស់នៅ​តំបន់​ចុង​ផ្លាស់​នេះ​ជិត​៣០​ឆ្នាំ​ហើយ ចំណែក​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​របស់​ពួក​គាត់ ​គឺ​អាស្រ័យ​លើ​ការ​រក​រ៉ែ​បន្តិចបន្តួច​តាម​គំនរ​ដី​ដែល​គេ​បោះបង់​ចោល​តាំងពី​អំឡុង​ដើមឆ្នាំ​១៩៩០​មក​ម្ល៉េះ។

តំណាងប្រជាពលរដ្ឋបានបន្តថា ​គំនរ​ដី​ខ្លះ គឺជា​សំណល់​សល់​ពី​ក្រុម​សហគមន៍​រ៉ែ​មាស​ចុង​ផ្លាស់​ទុក​ចោល ក្រោយ​សហ​គមន៍​នេះ ត្រូវ​បាន​រំលាយ​កាលពី​អំឡុង​ឆ្នាំ​២០១៦-២០១៧ ដោយ​មិន​អាច​ប្រកប​របរ​កសិកម្ម​នៅ​តំបន់​នេះ​បាន ហើយ​ពួក​គាត់​ក៏​គ្មាន​លទ្ធភាព​ចាកចេញ​ទៅ​រកស៊ី​អ្វី​នៅ​ភូមិ​ស្រុក​ដទៃ ទើប​ពួក​គាត់​សម្រេចចិត្ត​នាំ​គ្នា​កាប់​គាស់​រែង​ដី​សំណល់​រ៉ែ ដើម្បី​បាន​ចំណូល​ផ្គត់ផ្គង់​គ្រួសារ។

ប្រជាពលរដ្ឋនៅ​ឃុំ​ចុង​ផ្លាស់ បាននិយាយថា សម្រាប់បងប្អូនប្រជាពលរដ្ឋ​រស់នៅ​នេះ​ស្ទើរ​១០០ភាគរយហើយ ដែល​បាន​អាស្រ័យ​ជីវិត​ជាមួយ​របររែង​រក​មាស។ បើតាមការបញ្ជាក់របស់ប្រជាពលរដ្ឋ, ការ​ជួបជុំ​គ្នា​លើក​នេះ ពួក​គាត់​គ្មាន​បំណង​ណាមួយ​បង្ក​បាតុភាព​ដល់សង្គម ​ឬ​ការ​ឈឺក្បាល​ដល់​អាជ្ញាធរ​ឡើយ ពោល​គ្រាន់តែ​ចង់បាន​ការ​អនុញ្ញាត​ពី​ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ឱ្យ​ជួយ​ឲ្យ​អ្នក​ភូមិ​មាន​លទ្ធភាព​ធ្វើ​របរ​ចិញ្ចឹមជីវិត​ដូច​សព្វមួយដង។

លោក សាន់ ​ដារិទ្ធ អភិបាលរងខេត្តមណ្ឌលគិរី បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ថា សម្រាប់ការតវ៉ា និងការប្រមូលផ្តុំរបស់បងប្អូនប្រជាពលរដ្ឋខាងលើនេះ អាជ្ញាធរខេត្តមិន មានសិទ្ធិសម្រេច និងការផ្តល់ជូននោះឡើយ គឺស្ថិតនៅលើក្រសួងរ៉ែ និងថាមពលដែលមានសិទ្ធិសម្រេចជូនពួកគាត់។

ដោយឡែកលោក ទី សុផល ប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី មិនទាន់អាចសុំការបញ្ជាក់បន្ថែមនោះទេនៅរសៀលថ្ងៃនេះ៕