(ភ្នំពេញ)៖ លោក ជា សុភារិន អតីតអ្នកគាំទ្រគណបក្សប្រឆាំង ដែលតែងតែគាំទ្រសកម្មភាពរបស់បុគ្គល សម រង្ស៊ី ជាច្រើនឆ្នាំមកហើយនោះ បានសម្រេចចិត្តឈប់ទ្រគណបក្សប្រឆាំង ជាពិសេសក្រុមដែលដឹកនាំដោយបុគ្គល សម រង្ស៊ី ព្រោះតែលោកធុញទ្រាន់នឹងការបំផ្លាញ ផលប្រយោជន៍ជាតិមិនឈប់របស់ក្រុមនេះ។ នេះបើតាមវីដេអូប្រកាសឈប់គាំទ្ររបស់លោក ជា សុភារិន នៅល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ។
បុរសខ្មែរកម្ពុជាក្រោមរូបនេះ បានថ្កោលទោសចំពោះការដឹកនាំដែលគ្មានសាមគ្គីភាព បែកបាក់ផ្ទៃក្នុង ដើម្បីតែចង់បានអំណាចផ្ទាល់ខ្លួន ហើយតែងតែយកប្រយោជន៍ជាតិទៅធ្វើជាឈ្នាន់នយោបាយរបស់ខ្លួន មិនគិតពីផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាជននោះឡើយ ពោលគឺមានតែធ្វើឱ្យខ្មែរបែកបាក់គ្នា ខ្មែរមើលមុខគ្នាមិនត្រង់។
មិនតែប៉ុណ្ណោះក្រុមប្រឆាំងដែលដឹកនាំដោយបុគ្គល សម រង្ស៊ី នេះ មិនដែលមើលឃើញពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលម្ដងណាឡើយ គឺតែងតែប្រឆាំងជានិច្ច ប្រឆាំងមិនត្រូវ គឺប្រឆាំងដើម្បីតែប្រឆាំង មិនមានប្រឆាំងដើម្បីបំផ្លាញប្រយោជន៍ជាតិ បំផ្លាញប្រយោជន៍ប្រជាជន និងបំផ្លាញដល់កម្មករ កម្មការិនីទៅវិញ។ ការប្រឆាំងទាំងនេះគឺផ្ទុយនឹងការពិតជាក់ស្ដែងដែលមាននៅក្នុងប្រទេសកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ នេះជាការបន្ថែមរបស់លោក ជា សុភារិន អតីតអ្នកគាំទ្រគណបក្សប្រឆាំង៕