(ភ្នំពេញ)៖ ក្រុមគ្រួសារសពអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សិរីសុមនាភិរ័ក្ខពង្សិណី នាង ខេង បានថ្លែងអំណរគុណជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចំពោះសមានចិត្តចូលរួមរំលែកទុក្ខមរណភាពអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សិរីសុមនាភិរ័ក្ខពង្សិណី នាង ខេង។

លិខិតរំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានលោក គឹម សន្តិភាព នាំយកទៅជូនក្រុមគ្រួសារសព នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥។

យើងខ្ញុំជាក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថា្នក់កណ្ដាល និងលោកជំទាវបណ្ឌិត ដែលបានសម្ដែងនូវមនោសញ្ចេតនាចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសាររបស់យើងខ្ញុំ ចំពោះមរណភាពរបស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សិរីសុមនាភិរ័ក្ខពង្សិណី នាង ខេង ដែលត្រូវជាម្តាយបង្កើត ម្តាយក្មេក និងជីដូន របស់ក្រុមគ្រួសារយើងខ្ញុំ នៅវេលាម៉ោង ២:២០នាទីរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយសាររោគាពាធ។

យើងខ្ញុំសូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ជាទីគោរពដ៏ខ្ពង់ខ្ពស់ ក្នុងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ដែលជាសក្ខីភាពបញ្ជាក់នូវទឹកចិត្តស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុត ចំពោះក្រុមគ្រួសារយើងខ្ញុំ ដែលធ្វើឱ្យយើងខ្ញុំមិនអាចបំភ្លេចបាននូវសមានចិត្តដ៏ប្រពៃថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីបានឡើយ។

ឆ្លៀតក្នុងឱកាសនេះ ក្រុមគ្រួសារយើងខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក សូមតាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យ គ្រប់ប្រការជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី ជាទីស្រឡាញ់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំង ពលៈ មាំមួន បញ្ញាញាណភ្លឺថ្លា និងអាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ ជាភិយ្យោភាព ក្រោមម្លប់នៃសុខសន្ដិភាព។

សូមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំជាគ្រួសារសព៕