(កោះកុង)៖ ក្នុងរយៈពេល២ថ្ងៃនេះ ដែលជាថ្ងៃឈប់សម្រាក មានប្រជាពលរដ្ឋជាច្រើន បានសម្រុកមកលេងនៅខេត្ដកោះកុង រហូតធ្វើឲ្យមានការពេញនៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ហើយមានប្រជាពលរដ្ឋខ្លះ រហូតសុំស្នាក់អាស្រ័យនៅក្នុងវត្ដទៀតផង។
ជាក់ស្ដែងដូចជា នៅវត្ដទេពនិមិត្ដ ព្រះសង្ឃបានប្រកាសនៅលើបណ្ដាញសង្គមថា «សូមចម្រើនពរ ជូនដំណឹងដល់ញាតិញោម ដែលអញ្ជើញមកកម្សាន្ដនៅខេត្ដកោះកុង បើរកផ្ទះសំណាក់សម្រាកអត់បាន អាចអញ្ជើញមកសម្រាកនៅវត្ដអាត្មាបាន! ០៦៨ ៣២ ៨៩ ៨៩»។
ជាមួយគ្នានេះ អាជ្ញាធរក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទៅលេងខេត្ដកោះកុង បើសិនជារកផ្ទះសំណាក់អត់បាន សូមទាក់ទងមកអាជ្ញាធរ ដើម្បីជួយស្វែងរកកន្លែងស្នាក់អាស្រ័យ ទាំងនៅតាមផ្ទះសំណាក់ ទាំងនៅតាមវត្ដអារាម។
លោកស្រី មិថុនា ភូថង អភិបាលខេត្ដកោះកុង ក៏បានបង្ហាញនូវអាជីវកម្មផ្ទះសំណាក់ និងសណ្ឋាគារទាំងអស់ នៅក្នុងខេត្ដកោះកុង រួមទាំងលេខទូរស័ព្ទទំនាក់ទំនង ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការទំនាក់ទំនង។
ទន្ទឹមគ្នានេះ អភិបាលខេត្ដកោះកុង ក៏សូមថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ ទាំងភ្ញៀវជាតិ និងអន្ដរជាតិ ដែលបានមកលេងកំសាន្ដនៅក្នុងខេត្ដកោះកុង ដើម្បីចូលរួម ជួយជំរុញផ្សព្វផ្សាយ និងលើកតម្លើកវិស័យទេសចរណ៍ នៅក្នុងស្រុក ឲ្យកាន់តែមានភាពល្អប្រសើរ ហើយសមត្ថកិច្ច បានត្រៀមរួចរាល់ ក្នុងការថែរក្សាសុខសុវត្ថិភាព និងសន្តិសុខជូនបងប្អូន៕