(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយថ្នាក់ដឹកនាំក្រសួង ព្រមទាំងលោក លោកស្រីតំណាងគ្រឹះស្ថានអង្គរ និងមន្ទីរទេសចរណ៍ខេត្តសៀមរាប បានអញ្ជើញចុះពិនិត្យផ្ទាល់ដោយពុំផ្តល់ដំណឹងជាមុន នូវទីតាំងបញ្ជរលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរសាខាបេងមាលា នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥។

ការចុះពិនិត្យនេះ ក្នុងគោលបំណងស្វែងយល់ និងវាយតម្លៃជាក់ស្តែងលើការធ្វើបដិសណ្ឋារកិច្ច គុណភាពសេវាកម្ម រយៈពេលផ្តល់ជូនសេវា និងបញ្ហាប្រឈមនៅទីតាំងបញ្ជរលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរសាខាបេងមាលា ដើម្បីប្រមូលនូវធាតុចូល មតិយោបល់ពីភ្ញៀវទេសចរ និងអ្នកទទួលសេវាសាធារណៈទេសចរណ៍នេះដោយផ្ទាល់។

លើសពីនេះ ដើម្បីសំដៅកែលម្អ លើកកម្ពស់ការផ្តល់សេវាកម្មទេសចរណ៍ឲ្យកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល និងបង្កើនការពេញចិត្តដល់ភ្ញៀវទេសចរ និងប្រតិបត្តិករទេសចរណ៍ដែលប្រើប្រាស់សេវាកម្មនេះ ជាពិសេសគឺជួយចូលរួមចំណែកក្នុងយុទ្ធនាការទាក់ទាញភ្ញៀវទេសចរក្នុងរដូវកាលបៃតង (Green Season) នេះ៕