(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ គម្រោងស្តារឡើងវិញនូវផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងដំណើរការសាងសង់ យ៉ាងមមាញឹក ដោយសម្រេចបានលទ្ធផលជារួម ៩៦,៨៤% ហើយគ្រោងរួចរាល់នាពេលឆាប់ៗនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ លោក ផន រឹម បានបញ្ជាក់ទៀតថា ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្រោមម្លប់នៃសុខសន្តិភាព។ ខ្សែផ្លូវជាតិនេះជាបណ្តាញតភ្ជាប់ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។
ខ្សែផ្លូវនេះដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាខេត្តកោះកុង ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹក ជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។ នេះជាការបញ្ជាក់បន្ថែម របស់អ្នកនាំពាក្យក្រសួង។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប ១៤៨,០៣៨គីឡូម៉ែត្រ ចាប់ពីPK0+000-១៤៨+០៣៨ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល-ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាប្រភេទបេតុងកៅស៊ូ(AC)។
គ្រប់កំណាត់ នៃការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងសម្រុកខ្លាំង ដើម្បីធានាសម្រេចវឌ្ឍនភាពតាមការគ្រោងទុកនាពេលឆាប់ៗខាងមុខនេះ៕