(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មការការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ចុះសួរសុខទុក្ខ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ច ការពារធនធានធម្មជាតិ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រ ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។
លោកវរសេនីយ៍ឯក អ៊ូ ឆេងកន មេបញ្ជាការរង និងជាមេបញ្ជាការកងកម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសនេសាទ ដែលកំពុងប្រចាំការនៅទិសភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានបញ្ជាក់ថា កន្លងមកនេះការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ទទួលបានលទ្ធផលល្អប្រសើរ ការដាក់របាំងសាច់អួន និងរបាំស្បៃមុងខុសច្បាប់ ត្រូវបានកងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមសហការជាមួយកងកម្លាំងចម្រុះ បង្ក្រាប និងបំផ្លាញចោលនូវឧបករណ៍ នៃសាទខុសច្បាប់បានជាបន្តបន្ទាប់ ប៉ុន្តែបទល្មើសនេសាទ នៅតែបន្តកើតឡើងនៅឡេីយ ដោយក្រុមជនល្មើសមួយចំនួននៅតែបន្តលបលួច ដាក់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយបំផ្លាញធនធានមច្ឆជាតិ សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនទូទៅរាប់លាននាក់។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទាំងពីរគោលដៅ ដែលបានសហការល្អជាមួយកងកម្លាំងចម្រុះ ព្រមទាំងអាជ្ញាធរដែនដី ដោយបានខិតខំប្រឹងប្រែង ក្នុងការបំពេញភារកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដែលប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងអភិបាលខេត្តកំពង់ធំ បានប្រគល់ជូន។
លោកបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ដែលប្រមុខរាជរដ្ឋាភិបាល បានប្រគល់ជូន តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងប្រធានគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្របឹងទន្លេសាប ស្ដីពីការត្រួតពិនិត្យឡើងវិញ និងមានវិធានការបង្ក្រាបការដាក់របាំងស្បៃអួនខុសច្បាប់ និងខុសពីការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ពិសេសសកម្មភាពលួចឆក់ត្រីតាមគ្រប់រូបភាព ហើយដាច់ខាតត្រូវការពារឲ្យបាន តំបន់ឡូត៍អភិរក្សពូជត្រី ដើម្បីឲ្យផលត្រីសំបូរឡើងវិញ នៅក្នុងរដូវវស្សាខាងមុខ នេះក៏ដូចជាបណ្ដាឆ្នាំខាងមុខទៀត។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី វង្សី វិស្សុត រួមមាន ប្រេងសាំងចំនួន៧០០លីត្រ និងគ្រឿងឧបភោគ បរិភោគមួយចំនួន ឧបត្ថម្ភជូនកងកម្លំាងទាំងពីរគោលដៅ សម្រាប់បន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ឲ្យដូចភ្លៀងរលឹមដោយគ្មានការដកថយឡេីយ៕