(កែប)៖ សមាគមន៍លើកកម្ពស់វប្បធម៌ផ្លូវសូត្រ សមុទ្រម៉ាកាវ ប្រទេសចិន ដឹកនាំដោយលោក វ៉ាង ជី ជាអនុប្រធានសមាគម រួមជាមួយគណៈប្រតិភូ បានមកធ្វើទស្សនកិច្ចនៅខេត្តកែប ដោយមានការទទួលស្វាគមន៍ ពីលោក ប៊ុន យោង អភិបាលរងខេត្ត តំណាងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ដោយក្នុងនោះភាគីទាំងពីរ បានពិភាក្សាអំពីការរៀបចំពិធី ពិព័រណ៌ម្ហូបអាហារក្តាម «ឆ្នាំទេសចរណ៍ចិន-កម្ពុជា»។

លោក ប៊ុន យោង បានលើកបញ្ជាក់ឱ្យដឹង នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នេះថា ក្នុងដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ លើទឹកដីខេត្តកែប ប្រតិភូសមាគមន៍វប្បធម៌ក្រុងម៉ាកាវ ប្រទេសចិន បានចាប់អារម្មណ៍ ជាមួយសក្តានុពលទេសចរណ៍របស់ខេត្តកែប ដូចជាឆ្នេរដ៏ស្រស់ស្អាត ទិដ្ឋភាពកោះ និងខ្យល់អាកាសដ៏បរិសុទ្ធជាដើម។

ក្នុងអំឡុងពេលពិភាក្សាគ្នា លោក ប៊ុន យោង បានបន្តថា ខេត្តកែប និងពិភាក្សាជាមួយដៃគូរលើវិស័យទេសចរណ៍ ដើម្បីរៀបចំ ពិធីពិពណ៌អាហារក្តាម ដោយប្រើធនធានក្តាមរបស់ខេត្តកែប ដើម្បីផលិតអាហារ ដ៏សម្បូរបែបជូនដល់ភ្ញៀវទេសចរ។ ក្តាមសេះខេត្តកែប ត្រូវបានទទួលស្គាល់ថា មានរសជាតិឆ្ងាញ់ពិសេស ជាងតំបន់ដទៃ។ ក្នុងពិធីពិព័រណ៌ អាហារក្តាម ក៏មានគោលបំណងក្នុងការផ្ដល់នូវការស្វែងយល់ និងផ្សព្វផ្សាយវប្បធម៌ម្ហូបអាហារក្នុងស្រុក ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យមកភ្លក់រសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់ និងទទួលបាននូវបទពិសោធន៍ថ្មីៗ អំពីអាហារសមុទ្ររបស់ខេត្តកែប។

លោក ប៊ុន យោង បានលើកឡើងទៀតថា ខេត្តកែបជាទីកន្លែងដ៏ស្រស់ស្អាតសម្រាប់សម្រាកលម្លែកម្សាន្ត ក្នុងថ្ងៃវិស្សមកាល ក្រុងកែបត្រូវបានទទួលស្គាល់ ថា ជាទីក្រុងដែលមានខ្យល់អាកាសបរិសុទ្ធ ហើយជឿជាក់ថា ខ្យល់សមុទ្រក្រុងកែប អាចព្យាបាលអ្នកមានជំងឺសួតថែមទៀតផង។

លោក វ៉ាង ជី បានសម្ដែងនៅការឯកភាពយ៉ាងជ្រាលជ្រៅលើកិច្ចសហប្រតិបត្តិការនេះ។ លោកថា សមាគមលើកកម្ពស់វប្បធម៌ផ្លូវសូត្រ សមុទ្រម៉ាកាវ នឹងឆ្លើយតបជាវិជ្ជមានចំពោះការអំពាវនាវនៃ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» និងគាំទ្រយ៉ាងពេញទំហឹង ក្នុងការរៀបចំធនធាន និងការផ្សព្វផ្សាយទីផ្សារ ព្រមទាំងការជួយសម្រួលដល់ដំណើរអ្នកទេសចរម៉ាកាវ ក្រុមអ្នកទេសចរ និងក្រុមដែលមានតម្រូវការថែទាំសុខភាពឲ្យមកកាន់ ខេត្តកែប។

លោក វ៉ាង ជី សង្ឃឹមថា ភាគីទាំងពីរ និងយកដំណើរទស្សនកិច្ចនេះ ជាឱកាសមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការរៀបចំផែនការទេសចរណ៍ ការអភិវឌ្ឍផលិតផល ការបណ្ដុះបណ្ដាលទេពកោសល្យ និងមុខជំនាញផ្សេងៗទៀត កសាងនិមិត្តសញ្ញាទេសចរណ៍អន្តរជាតិ និងសម្រេចបានផលប្រយោជន៍ជូនគ្នាទៅវិញទៅមក ក្នុងយុទ្ធសាស្ត្រឈ្នះឈ្នះ៕