(កណ្តាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ត្រូវពង្រឹង និងលើកកម្ពស់ការផ្តល់សេវារបស់កងកម្លាំងនគរបាលជាតិ ឱ្យកាន់តែ មានភាពសាមញ្ញ, លឿនរហ័ស, តម្លាភាព និងគណនេយ្យភាព សំដៅឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
ការថ្លែងបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ត្រូវពង្រឹង និងលើកកម្ពស់ការផ្តល់សេវារបស់កងកម្លាំងនគរបាលជាតិ ឱ្យកាន់តែ មានភាពសាមញ្ញ, លឿនរហ័ស, តម្លាភាព និង គណនេយ្យភាព សំដៅឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា រួមទាំងការផ្តល់សេវាក្នុងការរក្សាសន្តិសុខ, សុវត្ថិភាព និងសេវាចាំបាច់នានា ដូចជា សេវាលិខិតស្នាម ក្នុងដែនសមត្ថកិច្ចរបស់នគរបាល ជាដើម»។
ត្រង់ចំណុចនេះ ត្រូវបានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការកែទម្រង់នគរបាលជាតិឱ្យបានស៊ីជម្រៅថែមទៀត ដោយផ្តោតលើការបណ្តុះបណ្តាលបង្កើនសមត្ថភាព, ច្បាប់, ជំនាញ, ភាសា និងបច្ចេកវិទ្យា ព័ត៌មាន ដើម្បីមានសមត្ថភាពក្នុងការបំពេញមុខងារក្នុងយុគសម័យឌីជីថល ប្រកបដោយវិជ្ជាជីវៈ, សីលធម៌, គុណធម៌ និង ទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ ត្រូវពិនិត្យកែសម្រួលរចនា-សម្ព័ន្ធអង្គភាពចាំបាច់មួយចំនួនផងដែរ។
សម្តចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យមានការកែសម្រួលការប្រើប្រាស់ក្របខ័ណ្ឌនគរបាលនៅថ្នាក់កណ្តាលឱ្យបានសមស្រប ដោយទម្លាក់ក្របខ័ណ្ឌទៅឱ្យថ្នាក់ មូលដ្ឋានឱ្យបានច្រើន ដោយសារប៉ុស្តិ៍នគរបាលរដ្ឋបាល គឺជាប្រតិបត្តិករនៅជាប់ផ្ទាល់ជាមួយប្រជាពលរដ្ឋ និងជាកម្លាំងបង្អែកក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិ ភាព»។ ត្រូវពិនិត្យគុណវឌ្ឍរបស់កងកម្លាំងនគរបាលជាតិ ក្នុងការបម្រើការងារសម្រាប់ការតែងតាំងមុខតំណែងណាមួយក្នុងជួរនគរបាល ឬឡើងឋានន្តរសក្តិ។ ត្រូវលុបបំបាត់ចោលរឿងបក្សពួកនិយម ក្នុងការស្នើតម្លើងតំណែង ឬឋានន្តរសក្ដិ។
ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កងកម្លាំងត្រូវតែមានសមត្ថភាពច្បាស់លាស់ដើម្បីបំពេញភារកិច្ច បម្រើប្រជាពលរដ្ឋ ដែលថ្នាក់ដឹកនាំផ្តល់ភារកិច្ចឱ្យ ដោយត្រូវធានាថាកងកម្លាំងមួយ ត្រូវធានានូវគុណភាព និងបរិមាណ គឺសំដៅទៅលើមានកម្លាំងមានប៉ុន្មាន នោះតួអង្គនីមួយៗ មានន័យថាអាចបំពេញភារកិច្ចចំជំនាញគ្រប់គ្រាន់ និងអាចចំពេញភារកិច្ចដោយការទទួលខុសត្រូវ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់កងនគរបាលជាតិ នៃក្រសួងមហាផ្ទៃដែលបានយកចិត្តទុកដាក់ចំពោះតួនាទី ភារកិច្ចរបស់ខ្លួន ជាពិសេសការបង្កើនសមត្ថភាព។ ដូច្នេះ សូមលើកទឹកចិត្តដល់ កងកម្លាំងនគរបាលជាតិគ្រប់រូប សូមខិតខំបន្តស្មារតីតស៊ូ អត់ធន់ យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និងគុណភាពប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួម គឺការពារសន្តិភាព ធានាសុខសុវត្ថិភាពជូនពលរដ្ឋ និងសង្គមជាតិ ជាពិសេសធ្វើការអភិវឌ្ឍខ្លួនឱ្យស័ក្តិសមជាគ្រឹះ និងជាសសរស្ដម្ភ សម្រាប់អភិវឌ្ឍ ប្រទេសជាតិបន្តទៀត។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញមានសង្ឃឹម និងជឿជាក់យ៉ាងមុតមាំចំពោះមនសិការស្នេហាជាតិ ស្នេហាមាតុភូមិ និងភក្តីភាពរបស់កងកម្លាំងនគរបាលជាតិ និងសូមសម្ដែងនូវការពេញចិត្តបន្ត ជួយឧបត្ថម្ភ គាំទ្រទាំងស្មារតី និងសម្ភារដល់កងកម្លាំងនគរបាលជាតិ ឱ្យបានស័ក្តិសមជាកម្លាំង អនុវត្តច្បាប់ប្រកបដោយគុណភាព និងប្រសិទ្ធភាព។
បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរដល់កងកម្លាំងនគរបាលជាតិដែលបានអនុវត្តយ៉ាងសកម្ម និងមានប្រសិទ្ធភាពនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ បទល្មើសគ្រឿងញៀនខុសច្បាប់ អំពើជួញដូរមនុស្ស ឆបោកតាមអនឡាញ បទល្មើសតាមបច្ចេកវិទ្យាព័ត៌មាន សកម្មភាពក្មេងទំនើង ការអភិវឌ្ឍច្បាប់ចរាចរណ៍ អន្តរាគមន៍ពន្លត់អគ្គិភ័យ ផ្តល់ជូនប្រជាពលរដ្ឋរស់នៅដោយក្តីសុខសាន្ត។
គួរជម្រាបថា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ជាខួបអនុស្សាវរីយ៍លើកទី៨០ នៃការចាប់បដិសន្ធិកងកម្លាំងនគរបាលជាតិ (១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៥) ដែលជាអង្គប្រតិបត្តិច្បាប់ពោរពេញដោយពលានុភាព ប្រសូត្រឡើងក្រោមស្នាព្រះហស្តរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលមានតួនាទីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕