(អាមេរិក-ហាវ៉ៃ)៖ ដោយមានការអនុញ្ញាតពីក្រសួងការពារជាតិ, អគ្គបញ្ជាការ, នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំប្រតិភូចូលរួមសន្និសីទ និងពិព័រណ៌កងទ័ពជើងគោកប៉ាស៊ីហ្វិក (LANPAC 2025) ដែលរៀបចំដោយសមាគមនៃកងទ័ពជើងគោកសហរដ្ឋអាមេរិក (AUSA) និងកងទ័ពជើងគោកអាមេរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) ក្រោមប្រធានបទ «ជ័យជម្នះដោយកម្លាំងកងទ័ពជើងគោក (PREVAILING THROUGH LANDPOWER)» ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក។
ក្នុងឱកាសចូលរួមសន្និសីទ និងពិព័រណ៌ កងទ័ពជើងគោកប៉ាស៊ីហ្វិក, នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នឹងជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ RONALD P. CALRK មេបញ្ជាការកងទ័ពជើងគោកអាមេរិកប្រចាំប៉ាស៊ីហ្វិក, នាយឧត្តមសេនីយ៍ YASUNORI MORISHITA មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន, នាយឧត្តមសេនីយ៍ PANA KLAEWPLODTHUK មេបញ្ជាការកងទ័ពជើងគោកថៃ,ឧត្តមសេនីយ៍ឯក ROY M. GALIDO មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន និងឧត្តមសេនីយ៍ត្រី CAI DEXIAN មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី។
ក្នុងជំនួបពិភាក្សាការងារនីមួយៗ សាមភាគីបានពិភាក្សាអំពីសកម្មភាពកិច្ចសហប្រតិបត្តិការ ដែលរួមមាន ការហ្វឹកហ្វឺនបណ្ដុះបណ្ដាល ការពង្រឹងសមត្ថភាព កិច្ចការមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ (HADR) ក្នុងគោលបំណងលើកកម្ពស់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសជាមិត្តនៅក្នុងតំបន់៕