(កណ្តាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ បានថ្លែងកោតសរសើរ ដល់កម្លាំងនគរបាលជាតិ ដែលបានសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយនានា ជាពិសេសគ្រោះអគ្គិភ័យ នាពេលកន្លងមក។
ការថ្លែងកោតសរសើរនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសនេះ ធ្វើការកើតសរសើរ ចំពោះការត្រៀមលក្ខណៈ និងការចេញប្រតិបត្ដិការកន្លងមក របស់នគរបាលជាតិ សហការជាមួយបណ្ដាអង្គភាពស្ថាប័នផ្សេងៗ នៅក្នុងការសង្គ្រោះគ្រោះមហន្ដរាយ ជាពិសេសតាមអគ្គិភ័យ»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមលើកទឹកចិត្ត ដល់កងកម្លាំងនគរបាលជាតិគ្រប់រូប សូមខិតខំបន្តស្មារតីតស៊ូ អត់ធន់យកចិត្តទុកដាក់ លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និង គុណភាពប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួម គឺការពារសន្តិភាព ធានាសុខសុវត្ថិភាពជូនពលរដ្ឋ និង សង្គមជាតិ។
ជាពិសេសធ្វើការអភិវឌ្ឍខ្លួនឱ្យស័ក្តិសមជាគ្រឹះ និង ជាសសរស្ដម្ភ សម្រាប់អភិវឌ្ឍប្រទេសជាតិបន្តទៀត។ នេះជាការបញ្ជាក់បន្ថែម របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។
សូមជម្រាបថា ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ ត្រូវជាខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដែលត្រូវបានរៀបចំធ្វើឡើងយ៉ាងមហោឡារិក នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្នុងពិធីនេះ ក៏មានដើរព្យុហយាត្រាបង្ហាញផែននីមួយៗ របស់កម្លាំងនគរបាលជាតិផងដែរ។
នគរបាលជាតិត្រូវបានបង្កើតឡើងដោយព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះបរមរតនកោដ្ឋ តាមរយៈព្រះរាជក្រមលេខ៣៥ នស ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ នៅក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ និងកិច្ចការនយោបាយ។
ដែលកាលនោះ កម្ពុជាទទួលបានឯករាជ្យលើកទីមួយ មានរយៈពេលជិត៧ខែ គឺចាប់ពីថ្ងៃទី១៨ ខែមីនា ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៤៥ ក្រោយពីស្ថិតក្រោមអាណានិគមបារាំង ៨២ឆ្នាំ។
កងកម្លាំងនគរបាលជាតិ មានតួនាទីរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការពារសុវត្ថិភាព សណ្ដាប់ធ្នាប់ នៃសកម្មភាពបាតុកម្ម-កូដកម្ម បញ្ចៀសនូវរាល់សកម្មភាពភេរវកម្ម ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារបាវចនាជាតិ ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររដ្ឋធម្មនុញ្ញ។
បន្ថែមលើនេះ គឺប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ពីការជួញដូរមនុស្ស អនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់ចរាចរណ៍ផ្លូវគោក បង្ក្រាបបទល្មើសព្រៃឈើ ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង និងបម្រើដល់ពលរដ្ឋប្រកបដោយគុណធម៌ -ល-៕