(កណ្ដាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ បានណែនាំដល់មន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ ត្រូវតែច្បាស់លាស់លើ ការអនុវត្តច្បាប់។ ការណែនាំនេះ ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដែលរៀបចំនៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះថា «សាលាត្រូវធានាស្ដង់ដារ ពេលចប់ចេញទៅបំពេញភារកិច្ចសម្របតាមស្ដង់ដារ ឬមូលដ្ឋានស្ថានភាពជាក់ស្ដែង ពិសេសមន្ដ្រីនគរបាលយុត្តិធម៌ ច្បាប់ និងការអនុវត្តច្បាប់ត្រូវច្បាស់លាស់ទៅលើកិច្ចការងារនេះ»។
ឆ្លៀតក្នុងឱកាសនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអរគុណទៅកាន់បណ្ដាប្រទេសជាមិត្តទាំងអស់ រួមមានក្រសួងនគរបាលវៀតណាម និងក្រសួងនគរបាលឡាវ ដែលបានផ្ដល់ការសហការ គាំទ្រ ការបណ្ដុះបណ្ដាល កងទ័ព និងកងនគរបាលជាតិកម្ពុជាគ្រប់ជំនាញទាំងអស់ក្នុងរយៈកាលកន្លងទៅ។
ថ្លែងមុខអង្គពិធីទាំងមូល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ កងកម្លាំងនគរបាលជាតិគ្រប់រូប ខិតខំបន្តស្មារតីតស៊ូ អត់ធន់ យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និងគុណភាពប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួម គឺការពារសន្តិភាព ធានាសុខសុវត្ថិភាពជូនពលរដ្ឋ និង សង្គមជាតិ ជាពិសេសធ្វើការអភិវឌ្ឍខ្លួនឲ្យស័ក្តិសមជាគ្រឹះ និងជាសសរស្ដម្ភសម្រាប់អភិវឌ្ឍ ប្រទេសជាតិបន្តទៀត។
នាឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានថ្លែងថា ការប្រារព្ធខួបលើកទី៨០ នៃការបង្កើតកងកម្លាំងនគរបាលជាតិនេះ គឺជាឱកាសដ៏មហោឡារិក និង ឧត្ដុង្គឧត្តម ដើម្បីចារឹក និងចងចាំនូវគុណូបការៈ, ការតស៊ូ, ពលិកម្ម និងសមិទ្ធផលដ៏ត្រចះត្រចង់ របស់កងកម្លាំងនគរបាលគ្រប់ជំនាន់ និងជាពេលវេលាដ៏ស័ក្តិសម ដើម្បីទាំងអស់គ្នាសម្ដែងនូវអំណរគុណការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពអង់អាច ដែលបានលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុសន្តិភាព៕