(កំពង់ស្ពឺ)៖ រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំង ផ្លាស់ប្ដូរមុខតំណែង មេបញ្ជាការរង និងជានាយសេនាធិការ យោធភូមិភាគទី៣ លោកឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន ជំនួសលោកឧត្តមសេនីយ៍ទោ សំ សំអាត ដែលត្រូវបានដាក់ចូលជាយោធិពិការ។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានលើកឡើងថា កម្លាំងយោធភូមិភាគ៣ តភ្ជាប់ព្រំដែនដ៏សំខាន់ប្រទេសជិតខាង មានវៀតណាម-ថៃ កត្តាភូមិសាស្ត្រនេះ ទាមទាឲ្យមានកិច្ចសហប្រតិបត្តិការល្អ តែក៏ត្រូវរក្សាការពារបូរណៈទឹកដីរបស់យើង ដែលផ្សាភ្ជាប់ទៅសន្តិភាព ជាគោលតែរក្សាឲ្យបានភូមិសាស្ត្រដ៏រឹងមាំ ពង្រឹងកងកម្លាំងឲ្យស្គាល់គ្រប់ស្ថានភាព និងស្មាតីជាតិនិយម។
លើសពីនេះ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឲ្យបានល្អប្រសើរ ពង្រឹងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ដើម្បីរក្សាឲ្យបាននូវព្រំដែនសន្តិភាព សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបន្តថា កងទ័ពត្រូវការពារចំពោះការរំលោភដីធ្លី ការបំផ្លាញព្រៃឈើ ហើយមិនដាច់ខាតខ្លួនឯងជាកងកម្លាំង ហើយបែជាទៅរំលោភយកដីរដ្ឋ នោះតាមច្បាប់ គឺត្រូវមានទោសដូចពលរដ្ឋធម្មតា។ កងកម្លាំងត្រូវចូលរួមឲ្យកាន់តែសកម្មបង្ក្រាបរាល់ការរំលោភយកដីធ្លីរបស់រដ្ឋ និងការកាប់បំផ្លាញព្រៃឈើ ធនធានធម្មជាតិជាដើម ក្នុងនោះបទល្មើសនេសាទ ក៏កងទ័ពត្រូវតែសហការបង្ក្រាបមិនឲ្យជនល្មើសរួចខ្លួនឡើយ។
នាយឧត្តមសេនីយ៍ បានបន្ថែមថា បញ្ជាការដ្ឋាន ចំណុះភូមិភាគ ត្រូវពង្រឹងពាក់ព័ន្ធការចូលសោធននិវត្ត ហាមដាច់ខាតរាល់ការជ្រើសរើសពលទាហានថ្មី កុំឲ្យមានការយកប្រាក់ពីបេក្ខជន ឬមានអំពើស៊ីសំណូកពីការរើសទ័ពឡើយ បើមានករណីនេះអង្គភាពនីមួយៗ ទទួលខុសត្រូវចំពោះវិធានការច្បាប់។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានសង្កត់ធ្ងន់ថា មេបញ្ជាការ និងមេបញ្ជាការរង យោធភូមិភាគតែងតាំងថ្មី មិនឲ្យមានបក្ខពួកក្នុងអង្គភាព មិនឲ្យមានអំពើពុករលួយលើការតែងតាំងមន្ត្រីក្រោមឱវាទ និងត្រូវធ្វើការប្រកបដោយភាពត្រឹមត្រូវបំផុត ចំពោះកូនចៅខ្លួន។ ជាងនេះពង្រឹសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ ធ្វើឲ្យអង្គភាពមានការរីកចម្រើន ប្រែមុខមាត់លើគ្រប់វិស័យ ដោយគិតផលប្រយោជន៍រួម និងផលប្រយោជន៍ប្រទេសជាតិជាធំ៕