(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​អគារ​សិក្សាកម្ពស់៣ជាន់ ១៨បន្ទប់ និងសមិទ្ធផលនានានៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ដែលជាចំណងដៃរបស់សម្តេចតេជោ ហ៊ុន សែន អតីត​នា​យក​រដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជាប្រើជាប្រយោជន៍សម្រាប់​ការ​​សិក្សារៀនសូត្ររបស់កូនចៅប្រជាពលរដ្ឋធ្លាប់ជាដែនដីដាច់​ស្រយាលមួយ​ក្នុងខេត្តពោធិ៍សាត់។

វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាល​វែង ខេត្តពោធិ៍សាត់។ វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ គឺជាវិទ្យាល័យ​តែមួយ​គត់​នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥ មានគ្រូសរុបចំនួន ៣១នាក់ ស្រី ១៣នាក់ និង​មានសិស្សសរុប ៩៨៥នាក់ ស្រី ៥១២នាក់ មានអគារសិក្សាសរុប ៣ខ្នង ស្មើនឹង ២៨បន្ទប់ អគារស្នាក់នៅ ០២ខ្នង ស្មើនឹង ២៥បន្ទប់ និងទីចាត់​ការ ០១ខ្នង ស្មើនឹង ០៣បន្ទប់។

ពីដំបូងវិទ្យាល័យនេះ គឺជា​អនុ​វិទ្យា​ល័យប្រម៉ោយ ត្រូវបានបង្កើតឡើង​ដំបូង​​ក្នុង​ឆ្នាំ២០០៣ មានអគារ​សិក្សា ១ខ្នង ៥បន្ទប់ និងបង្គន់អនាម័យ​ចំនួន១ ដែលជាជំនួយរបស់​ធនា​គារអភិវឌ្ឍន៍អាស៊ី មានគ្រូបង្រៀនចំនួន ៤នាក់ និងបានទទួល​សិស្ស​ឱ្យ​ចូល​រៀនថ្នាក់ទី៧ ចំនួន ៤៣ នាក់ ស្រី ២៩នាក់ប៉ុណ្ណោះ។

ដោយមានកំណើនសិស្សកើនឡើង ក្នុងឆ្នាំសិក្សា២០០៧-២០០៨ អនុវិទ្យា​ល័យប្រម៉ោយ បានប្រែក្លាយទៅជាវិទ្យាល័យប្រម៉ោយ និងមានសិស្សា​នុ​សិស្ស​សរុបចំនួន ២២៣នាក់ ស្រី ៨៨នាក់ មានគ្រូបង្រៀនចំនួន ៩នាក់។ ដោយមើលឃើញពីទុក្ខលំបាករបស់គ្រូបង្រៀន និងសិស្សានុសិស្ស ដែល​មាន​​ទីលំនៅឆ្ងាយៗពីវិទ្យាល័យ ហើយបានមកបង្រៀន និងសិក្សារៀន​សូត្រ​នៅទីនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ជូនអគារស្នាក់នៅ ១ខ្នង មាន៥បន្ទប់, បង្គន់អនា​ម័យ ២ខ្នង មាន ៦បន្ទប់ និងគ្រែចំនួន ៣៥គ្រែ ដើម្បីជួយសម្រួលដល់​ការ​ស្នាក់​នៅ​របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។

ក្នុងឆ្នាំសិក្សា ២០១១-២០១២ វិទ្យាល័យប្រម៉ោយ បានកសាងអគារទីចាត់​ការ ១ខ្នង ដើម្បីជួយសម្រួលកិច្ចការងាររដ្ឋបាល និងការងារផ្សេងៗ​នៅក្នុង​វិទ្យាល័យ ដោយបានទទួលការឧបត្ថម្ភគាំទ្រពីលោកអ្នកឧកញ៉ា ទ្រី ភាព។

ក្រោយពេលផ្លូវជាតិលេខ៥៥ ត្រូវបានសាងសង់ និងសម្ពោធដាក់ឱ្យប្រើ​ប្រាស់នាឆ្នាំ២០២០ បានធ្វើឱ្យស្រុកវាលវែង ដែលធ្លាប់ជាតំបន់ដាច់​ស្រ​យាល និងមិនសូវមានអ្នកមកដល់នោះ ប្រែក្លាយទៅជាទីប្រតិព័ទ្ធ ហើយ​ក៏មានប្រជាពលរដ្ឋពីតំបន់នានាមកតាំងទីលំនៅយ៉ាងច្រើន។ កំណើន​ប្រជា​​ពលរដ្ឋកាន់តែច្រើនលើទឹកដីអតីតសមរភូមិសង្គ្រាមនេះ បានធ្វើឱ្យ​កំណើន​របស់សិស្សមានចំនួនកាន់តែច្រើន។

ឆ្លើយតបកំណើនសិស្សកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំនេះ ក្នុង​ពេល​អញ្ជើញ​មកសម្ពោធផ្លូវជាតិលេខ៥៥ កាលពីឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចចាត់ចែងឱ្យសាងសង់អគារសិក្សា និងសមិទ្ធ​ផល​នានានៅក្នុងវិទ្យាល័យនេះ។

សមិទ្ធផលដែលជាអំណោយដ៏វិសេសវិសាលរបស់សម្តេចតេជោ រួម​មាន​៖ អគារសិក្សា១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង១៨បន្ទប់, ទីចាត់ការ១ខ្នង មាន ៣បន្ទប់, អន្តេវាសិកដ្ឋាន ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ២០បន្ទប់, ក្លោង​ទ្វារ២, ផ្លូវបេតុងប្រវែង ២.៦៤០ម៉ែត្រ, របងព័ទ្ធជុំវិញប្រវែង ១.៣៥០ម៉ែត្រ, ទីលានបាល់បោះ១, ទីលានបាល់ទះ១ និងដងទង់ជាតិ១ និងសមិទ្ធផលផ្សេងៗមួយចំនួនទៀត។

សមិទ្ធផលទាំងអស់នេះ បានសាងសង់រួចរាល់ជាស្ថាពរ ហើយក្លាយទៅ​ជាសមិទ្ធផលវិសេសវិសាលបំផុតសម្រាប់សិស្សានុសិស្សនៅលើដែនដីជន​បទក្រេបជញ្ជក់ចំណេះដឹងប្រកបដោយក្តីរីករាយ។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងផងដែរថា បច្ចុប្បន្នេះ ខេត្តពោធិ៍សាត់មានគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនសរុបចំនួន ៤១១កន្លែង មានអគារសិក្សា ៩០៩ខ្នង ស្មើនឹង ២.៨៥១បន្ទប់រៀន។ ក្នុងនោះសាលាមត្តេយសិក្សារដ្ឋមានចំនួន ២៣កន្លែង មានអគារសិក្សា ២៥ខ្នង ស្មើនឹង ២៨៥បន្ទប់រៀន, មត្តេយ្យសិក្សាសហគមន៍មានចំនួន ៧៣កន្លែង, បឋមសិក្សារដ្ឋមានចំនួន ៣០៨កន្លែង មានអគារសិក្សា ៦៣៤ខ្នង ស្មើនឹង ១.៧២៤បន្ទប់រៀន និងមធ្យមសិក្សារដ្ឋមានចំនួន ៦១​កន្លែង មានអគារសិក្សា ២១៧ខ្នង ស្មើនឹង ៦៩៩បន្ទប់រៀន រួមមាន៖ អនុ​វិទ្យាល័យចំនួន ៤៤កន្លែង មានអគារសិក្សា ១០៧ខ្នង ស្មើនឹង ៣១៨បន្ទប់​រៀន និងវិទ្យាល័យចំនួន ១៧កន្លែង មានអគារសិក្សា ១១០ខ្នង ស្មើនឹង ៣៨១បន្ទប់រៀន, មានគ្រឹះស្ថានសិក្សាឯកជនគ្រប់ភូមិសិក្សាសរុបចំនួន ១៩កន្លែង មានអគារសិក្សា ៣៣ខ្នង ស្មើនឹង ១៤៣បន្ទប់រៀន រូមមាន៖ មត្តេយ្យសិក្សាចំនួន ០៧កន្លែង មានអគារសិក្សា ១៣ខ្នង ស្មើនឹង ៣៦​បន្ទប់រៀន, បឋមសិក្សាចំនួន ០៦កន្លែង មានអគារសិក្សា ១៣ខ្នង ៤០​បន្ទប់រៀន, មធ្យមសិក្សាចំនួន ០២កន្លែង មានអគារសិក្សា ០២ខ្នង ស្មើ​នឹង ០៣បន្ទប់រៀន និងឧត្តមសិក្សាមានចំនួន ០៤កន្លែង មានអគារសិក្សា ០៥ខ្នង ស្មើនឹង ៦៤បន្ទប់រៀន។

លោកអភិបាលខេត្ត បានឱ្យដឹងទៀតថា ដើម្បីលើកកម្ពស់ការអប់រំនៅក្នុង​ខេត្ត​ពោធិ៍សាត់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អំណោយអគារសិក្សាសរុបចំនួន ១៤៥ខ្នង ស្មើ​នឹង ៨៧៦បន្ទប់។ ក្នុងនោះ អគារសាលាបឋមសិក្សាសរុប ៧៦ខ្នង ស្មើ​នឹង ៤៦៥បន្ទប់, អគារអនុវិទ្យាល័យសរុប ២០ខ្នង ស្មើនឹង ១១០បន្ទប់, អគារវិទ្យាល័យសរុប ៤៧ខ្នង ស្មើនឹង ២៨៩បន្ទប់, អគារសាលា​គរុកោ​សល្យ ០២ខ្នង ស្មើនឹង ១២បន្ទប់៕