(សៀមរាប)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយស្ត្រីមានផ្ទៃពោះ ស្រ្តីមានកូនតូច ៣០នាក់ និងអ្នកផ្ទុកមេរោគអេដស៍ ៣០នាក់ រស់នៅសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្ដសៀមរាប ដែលរៀបចំនៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោកស្រី ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តសៀមរាប។
លោកស្រី ទុយ ជិ ប្រាក់សោភ័ណ បានថ្លែងថា កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍/ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ក្នុងការសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ និងងាយរងគ្រោះបំផុត ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ពណ៌សម្បុរ ជំនឿសាសនា និងនិន្នាការនយោបាយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម គឺ៖ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹត្យភាព ឯករាជភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព ដែលជានិច្ចជាកាលតែងតែគិតគូរខ្ពស់បំផុតអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ទោះស្ថិតក្នុងស្ថានភាពណាក៍ដោយ ជាពិសេសសុវត្ថិភាព-សុខភាព កុមារ និងទារកតូចៗ។
ក្នុងឱកាសដ៏មានអត្ថន័យនេះលោកស្រី ទុយ ជិ ប្រាក់សោភ័ណ សូមចូលរួមជាមួយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិដែលមានលោកស្រី ម៉ែន នារីសោភ័គ ជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ តែងតែដឹកនាំធ្វើសកម្មភាព ការអប់រំផ្សព្វផ្សាយ ពីការថែទាំសុខភាពស្រ្តីពេលមុន និងក្រោយសម្រាលសុខភាពបន្តពូជ ការបង្ការជំងឺឆ្លង និងជំងឺមិនឆ្លង ជាពិសេសទៅទៀតនោះគឺសកម្មភាពការបញ្ឈប់ការរើសអើងអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍គ្រប់ទីកន្លែងនៅកម្ពុជា។
ស្ថិតក្នុងឱកាសនេះ ជំនួសមុខ លោក ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខានិងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តសៀមរាប លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមាន លោកស្រីអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ដែលបានចុះមកផ្ទាល់ ដើម្បីផ្សព្វផ្សាយអប់រំដោយផ្ទាល់ដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៦៦គ្រួសារ ក្នុងនោះចុះតាមខ្នងផ្ទះ ចំនួន ៦គ្រួសារ ។ទន្ទឹមនឹងនោះលោកស្រី ទុយ ជិ ក៏បានណែនាំដល់ប្រជាពលរដ្ឋដែលបានចូលរួមផ្ទាល់នេះ ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់ប្រសាសន៍ណែនាំពីការបង្ការ និងថែរក្សាសុខភាពសម្រាប់សុខភាពខ្លួន និងគ្រួសារ ពិសេស នាំយកទៅផ្សព្វផ្សាយបន្ដនៅក្នុងសហគមន៍។
ក្នុងពិធីសំណេះសំណាលស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងអ្នកផ្ទុកមេរោគអេដស៍ ក្រោមប្រធានបទ «ជំងឺមិនឆ្លង និងការមានផ្ទៃពោះ» លោកស្រី ម៉ែន នារីសោភ័គ បាននាំយកនូវព្រះរាជសវនីយ៍សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ដែលសួរសុខទុក្ខ និងក្ដីនឹករលឹកដល់ប្រជានុរាស្ដ្ររបស់ព្រះអង្គ និងបាននាំយកនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ និងការគិតគូរខ្វល់ខ្វាយពីសុខភាព និងការរស់នៅប្រចាំថ្ងៃរបស់ស្ដ្រីមានផ្ទៃពោះ ស្ដ្រីមានកូនតូច និងអ្នកផ្ទុកមេរោគអេដស៍ ជាង ៦០គ្រួសារខាងលើនេះផងដែរ។
ការសំណេះសំណាលខាងលើនេះ លោកស្រី ម៉ែន នារីសោភ័គ ក៏បានអប់រំផ្សព្វផ្សាយអំពីការថែរក្សាសុខភាព ការបង្ការ និងការការពារពីបញ្ហាសុខភាពផ្សេងៗ ពិសេសជំងឺមិនឆ្លង ដូចជាជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង ជំងឺផ្លូវដង្ហើមផ្សេងៗ ដែលជាបញ្ហាសុខភាពសាធារណៈលើសកលោក។ លើសពីនោះលោកស្រីបានណែនាំពីការថែរក្សាសុខភាពកំឡុងមានផ្ទៃពោះ និងការទៅពិនិត្យសុខភាពឱ្យបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យ និងអំពាវនាវដល់ប្រជាពលរដ្ឋ ស្រលាញ់ខ្លួន ស្ងួនចំណី ដោយបរិភោគអាហារត្រូវគិតគូរពីសុខភាពជាចម្បង កុំពិសាផ្អែមពេក ប្រៃពេក និងខ្លាញ់ច្រើនពេក និងព្យាយាមដាំបន្លែ ផ្លែឈើ ដោយខ្លួនឱ្យច្រើន ចៀសវាងអាហារកែច្នៃ ដែលមានសារធាតុគីមីច្រើន ប៉ះពាល់សុខភាព។
ទន្ទឹមនឹងនោះលោកស្រី ម៉ែន នារីសោភ័គ ក៏បានលើកឡើងពីព្រឹត្ដិការណ៍ ម=ម ដែលបានរៀបចំនៅមុខប្រាង្គប្រាសាទអង្គរវត្ដ ដែលមានការអញ្ជើញចូលរួមដោយផ្ទាល់ពីលោកស្រី Winnie BYANYIMA (វីននី ប៊ីយ៉ានីយីម៉ា) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយកប្រតិបត្តិអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ (UNAIDS) និងថ្នាក់ដឹកនាំ មន្ដ្រីស្ថាប័នពាក់ព័ន្ធ និងយុវជនអ្នកស្ម័គ្រចិត្ដ កាកបាទក្រហមកម្ពុជាជាច្រើនរយនាក់ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ ក្នុងព្រឹត្ដិការណ៍ជាប្រវត្ដិសាស្ដ្រមួយនេះដែរ ក៏មានការលេងឆៃយុំា និងទះដៃអបអរសាទរបើកដំណើរព្រឹត្ដិការ ម=ម ហើយក៏មានការរៀបចំ ជិះកង់ និងម៉ូតូកង់បីប្រមាណជាង ១៥០ កង់-ម៉ូតូ ដង្ហែក្បួន ចាប់ពីមុខប្រាសាទអង្គរវត្ដ ស្របតាមទក្សិណខាងត្បូងមកាន់ផ្លូវធំ ឆ្ពោះមកកាន់ក្រុងសៀមរាប ដោយឆ្លងកាត់ទីប្រជុំជន មន្ទីរពេទ្យ សណ្ឋាគារ កាត់តាមផ្លូវព្រះរាជដំណាក់ ស្របតាមផ្លូវមាត់ស្ទឹងសៀមរាប -ល- ហើយក៏មានការបង្ហោះប៉េងប៉ោងបិទកម្មវិធីយ៉ាងអ៊ូរអ៊រ។
មុននឹងបញ្ចប់ការសំណេះសំណាល លោកស្រីក៏បានអំពាវនាវដល់បង-ប្អូនដែលរស់នៅជាមួយមេរោគអេដស៍ សូមបន្តការយកចិត្តទុកដាក់លេបឱសថប្រឆាំងមេរោគអេដស៍ ឱ្យបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់ និងមកជួបគ្រូពេទ្យតាមការកំណត់ ដើម្បីពិភាក្សាតាមដានសុខភាពឱ្យបានច្បាស់លាស់ ព្រោះភស្តុតាងវិទ្យាសាស្ត្របានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា៖ អ្នករស់នៅជាមួយមេរោគអេដស៍ ដែលលេបថ្នាំបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់ នឹងសម្រេចបាន ម=ម, នោះគឺ មានន័យថា អ្នកមិនអាចចម្លងមេរោគអេដស៍ទៅអ្នកដទៃ, អ្នកអាចមានគ្រួសារ មានកូនដូចមនុស្សធម្មតា, អ្នកមានសុខភាពល្អ អាចប្រឆាំងបានទៅនឹងជំងឺផ្សេងៗ, អ្នកនឹងមានទំនុកចិត្តលើខ្លួនឯង និងកាត់បន្ថយការរើសអើងលើខ្លួនឯង។
ជាងនេះទៅទៀត លោកស្រី ម៉ែន នារីសោភ័គ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំភ្លេចអេដស៍ ហើយបើបានប្រព្រឹត្ត ឬសង្ស័យថាខ្លួនបានប្រឈមនឹងការឆ្លងមេរោគអេដស៍ សូមប្រញាប់រួសរាន់ទៅរកសេវាប្រឹក្សាយោបល់ និងធ្វើតេស្តរកមេរោគអេដស៍ ដើម្បីទទួលការព្យាបាលបានទាន់ពេលវេលា ដើម្បីសុខភាពរបស់ខ្លួនផ្ទាល់ និងភាពសុខដុមរមនានៅក្នុងក្រុមគ្រួសារ និងសង្គមជាតិ៕