(ពោធិ៍សាត់)៖ ថ្លែងចេញពីទឹកដីខេត្ដពោធិ៍សាត់ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាមាននរណានិយាយអ្វីក៏និយាយទៅ តែរាជរដ្ឋាភិបាលនៅតែបន្តប្រឹងប្រែង ធ្វើការងារបម្រើជូនប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ប្រទេសជាតិ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសិក្សាកម្ពស់៣ជាន់ ១៨បន្ទប់ និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ។

សមិទ្ធផលខាងលើនេះ គឺជាចំណងដៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា ទុកប្រើជាប្រយោជន៍សម្រាប់ការ សិក្សារៀនសូត្ររបស់កូនចៅ ប្រជាពលរដ្ឋធ្លាប់ជាដែនដីដាច់​ស្រយាលមួយ ​ក្នុងខេត្តពោធិ៍សាត់។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «យើងមិនឈឺក្បាល អ្នកណាថាអីថាទៅ យើងនៅមកចុះដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ [...] អ្នកឯង ថាអ្វីថាទៅ ប៉ុន្ដែជាក់ស្ដែង គឺយើងនៅជិតប្រជាជន ហើយនៅតែបន្ដធ្វើដដែល»។

ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមអរគុណដល់ក្រុមការងារ ចុះជួយខេត្ដពោធិ៍សាត់ ក៏ដូចជាមន្ដ្រីអាជ្ញាធរគ្រប់ថ្នាក់ ដែលបានខិតខំធ្វើការងារគ្រប់ពេលវេលា មិនថាជិតពេលបោះឆ្នោត ឬពេលណានោះទេ គឺចុះជាប់ជាប្រចាំ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំអាជ្ញាធរមូលដ្ឋាន ត្រូវបន្តខិតខំធ្វើការបម្រើប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាដែលគាត់ជួបប្រទះផងដែរ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រឹមចប់សង្គ្រាម អត់សាលា អត់ផ្លូវ អត់ការងារ គឺពលរដ្ឋនៅតែលំបាក ដូច្នេះហើយទើបរាជរដ្ឋាភិបាល បានប្រឹងប្រែងដោះស្រាយបញ្ហាជាច្រើន ក្រោយពេលបញ្ចប់សង្គ្រាម៕