(ភ្នំពេញ)៖ ដើម្បីអនុវត្តយុទ្ធសាស្ត្រកម្ពុជាបៃតង និងសម្រេចគោលដៅជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការបណ្តុះគំនិត «ពន្លកបៃតង» ដើម្បីជំរុញការបណ្តុះកូនឈើនៅតាមថ្នាលរបស់មន្ទីរបរិស្ថានទូទាំងប្រទេស និងបង្កើតថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ចំនួន៥កន្លែងធំៗ នៅខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ដើម្បីចែកកូនឈើជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ។ កូនឈើដែលក្រសួងបរិស្ថាន បានបណ្តុះ និងចែកជូនសាធារណជន រួមមានប្រភេទឈើ៣ប្រភេទ គឺប្រភេទឈើប្រណីត ឈើហូបផ្លែ និងដើមត្នោត។
នៅក្នុងឱកាសអញ្ជើញចុះពិនិត្យលើការសាសង់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ នៅក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥, លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថានៅឆ្នាំ២០២៥នេះ ក្រសួងបរិស្ថាននឹងរៀបចំពិព័រណ៍ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ដើម្បីចែកជូនកូនឈើដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន៣លានដើម ក្នុងនោះមានកូនត្នោត ចំនួន១លានដើមផងដែរ។ យុទ្ធនាការបណ្តុះគំនិត «ពន្លកបៃតង» នេះ នឹងប្រារព្ធឡើងជាលើកទី២ បន្ទាប់ពីលើកទី១ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៤ និងបានចែកកូនឈើជូនប្រជាពលរដ្ឋយកទៅដាំតាមទីសាធារណៈ ដាំតាមសហគមន៍ និងដាំស្តារព្រៃបានចំនួន ១,៣លានដើម។
លោករដ្ឋមន្រ្កីបានមានប្រសាសន៍ថា ភាពបៃតង ជាសសរស្តម្ភទី២នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានដាក់ចេញអនុលោមតាម យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។
លោកបណ្ឌិត អ៊ាង សុផល្លែត បានសំដែងនូវសេចក្តីសង្ឃឹមថា នៅឆ្នាំបន្ទាប់ទៀត ក្រសួងបរិស្ថាន អាចបណ្តុះកូនឈើបានចំនួន ១០លានដើម ជារៀងរាល់ឆ្នាំ ចែកជូនប្រជាពលរដ្ឋយកទៅដាំ ដែលឆ្លើយតបនឹងការប្តេជ្ញាចិត្ត របស់កម្ពុជាពង្រីកគម្របព្រៃឈើ ឱ្យបានច្រើន ចូលរួមចំណែកក្នុងការទប់ស្កាត់និងកាត់បន្ថយ ការប្រែប្រួលអាកាសធាតុ ធ្វើឱ្យសហគមន៍មូលដ្ឋាន មានភាពបៃតង និងកូនចៅជំនាន់ក្រោយស្គាល់ពីតម្លៃនៃធនធានធម្មជាតិទាំងអស់នេះ។ លើសពីនេះ ដើមឈើដែលបានដាំដុះទាំងអស់នោះ ផ្តល់ប្រយោជន៍ដល់ការអភិវឌ្ឍប្រទេសជាតិ តាមរយៈឥណទានកាបូន និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋរចនាសម្ព័ន្ធ របស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន តាមរយៈការអភិវឌ្ឍគោលដៅលំហែបៃតង។
លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ជំរុញឱ្យមានការចូលរួម គ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ឱ្យកាន់តែប្រសើរ ក្នុងនោះ ការអនុវត្តច្បាប់១០០%ចំពោះបទល្មើសធនធានធម្មជាតិ ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការកងឯកភាពខេត្ត និងអាជ្ញាធរមូលដ្ឋាន រួមទាំងសមត្ថកិច្ចពាក់ព័ន្ធ ផ្តល់ការគាំទ្រជាមធ្យោបាយ និងសម្ភារប្រើដល់ការអនុវត្តច្បាប់ ដូចជាដ្រូន ផែនទីតំបន់ការពារ និងផែនទីផ្កាយរណប ទៅដល់អាជ្ញាធរមូលដ្ឋាន និងជំរុញការដាំដើមឈើឱ្យច្រើន ក្នុងគោលដៅធានាគុណភាពបរិស្ថាន សុវត្ថិភាពនៃប្រព័ន្ធសេវាកម្មអេកូឡូស៊ី និងការរស់នៅប្រកបដោយភាពសុខដុមរមនា ទាំងក្នុងក្របខ័ណ្ឌសង្គមជាតិ និងសកលលោក៕